ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការកណ្តាលទទួលបន្ទុករួមក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យក្រុមការងារបច្ចេកទេសក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា គណៈកម្មការទំាងអស់កំណត់គោលដៅរួមដែលធានាឲ្យបាននូវការរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះ ព្រះខែ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិការ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ ក្រុមការងារត្រូវទទួលខុសត្រឹមនៅទីតាំងកន្លែងរៀងៗ និងឲ្យមានសុវត្ថិភាពដល់ក្រុមកីឡាករ-កីឡាការិនីចូលរួមមកទំាង២៥រាជធានីខេត្ត។

លោកអនុរដ្ឋលេខាធិការបានបន្តថា កន្លងមកក្រុមការងារបច្ចេកទេសក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ បានបំពេញភារកិច្ចកន្លងមកទទួលបានជោគជ័យ ដូច្នេះឆ្នាំនេះក៏ត្រូវរក្សាជោគជ័យដែរ៕
ដោយ៖លី ភីលីព




