ភ្នំពេញ៖កីឡាករម៉ូតូទឹកក្រោមការដឹកនាំរបស់វីរកីឡាករ សាលី អ៊ូមើត ដែលដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក “Water Jet Ski World Series” ឆ្នាំ២០២៣ ជុំទី៣នៅសហរដ្ឋអាមេរិកកាលពីដើមខែតុលាកន្លងទៅដោយមានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បន្ទាប់ពីបានត្រឡប់មកដល់ មាតុភូមិកម្ពុជាវិញហើយ នា ល្ងាច ថ្ងៃអង្គារនេះ ។

បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រុមកីឡាករម៉ូតូទឹកបានចាប់ផ្តើមហែលក្បួនតាមបណ្តោយផ្លូវជាតិសំខាន់ៗក្នុងទីក្រុងភ្នំពេញឆ្ពោះទៅកាន់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីចូលជួបសម្តែងការគួរសម និងសំណោះសំណាល់ជាមួយ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ហួត សេងទ្រី អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាតំណាងឲ្យលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជា។

លោក ប៉ុន សុខ បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកីឡាករម៉ូតូទឹកក្រោមការដឹកនាំរបស់វីរកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសអាស៊ី និងម្ចាស់មេដាយមាសកម្រិតពិភពលោក ដោយលើកនេះបានដឹកនាំក្រុមកីឡាករម៉ូតូដណ្ដើមបានមេដាយសរុបចំនួន៩គ្រឿងក្នុងនោះមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង។

លោកបានបន្តថា លោកនឹងរងចាំដំណឹងល្អបន្ថែមទៀតព្រឹត្តិការណ៍ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក “Water Jet Ski World Series” ឆ្នាំ២០២៣ វគ្គបញ្ចប់ដែលប្រព្រឹត្តខែធ្នូ នៅប្រទេសថៃខាងមុខនេះ ហើយលោកមានក្តីសង្ឃឹមកីឡាករម៉ូតូទឹកក្រោមការដឹកនាំរបស់វីរកីឡាករ សាលី អ៊ូមើតនឹងឈ្នះមេដាយជាក់ជាមិនទាន់ឡើយ៕




