កីឡា

FIFA ហាមអតីតប្រធាន សហព័ន្ធកីឡាបាល់ទាត់ អេស្ប៉ាញ មិនឲ្យចូលរួមសកម្មភាព កីឡារយៈពេល ៣ ឆ្នាំ

Oscar J. Barroso

អេស្ប៉ាញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales ត្រូវបាន FIFA ហាមឃាត់មិនឲ្យចូលរួមសកម្មភាព កីឡារយៈពេល ៣ ឆ្នាំ ដោយសារតែលោកបានការរំលោភលើច្បាប់ នៃការប្រព្រឹត្តសមរម្យ នៅពេលលោកថើបកីឡាការិនី បាល់ទាត់របស់ប្រទេសលោក ។

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ បានរកឃើញថា លោក Rubiales បានបំពានមាត្រា ១៣ នៃក្រមវិន័យរបស់ខ្លួន នៅពេលលោកបានថើបកីឡាការិនី Jenni Hermoso បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញបានឈ្នះការប្រកួត បាល់ទាត់ពិភពលោកនារីក្នុងខែសីហា ។
សមាគមបាននិយាយ កាលពីថ្ងៃច័ន្ទ ក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសសេចក្តីសម្រេច របស់ខ្លួនថា FIFA បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដាច់ខាតរបស់ខ្លួន ក្នុងការគោរព និងការពារសុច្ចរិតភាពរបស់មនុស្សទាំងអស់ និងធានាថា ច្បាប់ជាមូលដ្ឋាន នៃការប្រព្រឹត្តសមរម្យត្រូវបានប្រកាន់ខ្ជាប់។
ការសម្រេចចិត្តនេះកើតឡើងជាងមួយខែ បន្ទាប់ពីលោក Rubiales បានលាលែងពីតំណែងជាប្រធាន RFEF ចំពេលមានរឿងអាស្រូវ ទោះបីជាលោក បានបន្តរក្សាថា ការថើបដ៏ចម្រូងចម្រាសគឺជាការព្រមព្រៀងគ្នា ក៏ដោយ។ FIFA បានដាក់ការព្យួររយៈពេល ៩០ ថ្ងៃលើនាយកប្រតិបត្តិ ក្នុងខែសីហា ដោយរារាំងលោកពីការចូលរួម ក្នុងសកម្មភាពទាក់ទងនឹងបាល់ទាត់នៅកម្រិតអន្តរជាតិ ឬថ្នាក់ជាតិ ដោយរង់ចាំលទ្ធផល នៃការស៊ើបអង្កេតរបស់ខ្លួន ។

កីឡាការិនី Hermoso បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក Rubiales កាលពីខែមុនបានអះអាងថា នាងមានអារម្មណ៍ថា ងាយរងគ្រោះ និងដូចជាជនរងគ្រោះនៃការរំលោភ នៅពេលប្រធាន RFEF បានថើបនាងនៅលើវេទិកាអ្នកឈ្នះការប្រកួត World Cup នៅទីក្រុងស៊ីដនី។ នាងបានហៅអាកប្បកិរិយារបស់លោកថា ជា សិច ស្រើបស្រាល ក្រៅកន្លែង និងមិនយល់ស្រប ។

FIFA បាននិយាយថា សេចក្តីសម្រេចរបស់ខ្លួន គឺត្រូវប្តឹងឧទ្ធរណ៍ ហើយលោក Rubiales មានពេល ១០ ថ្ងៃដើម្បីធ្វើការតវ៉ា។ ក្រមវិន័យរបស់សមាគម ហាមប្រាមកីឡាករ និងមន្ត្រីពីសកម្មភាពដែលបំពានលើគោលការណ៍នៃការលេងដោយយុត្តិធម៌ ភាពស្មោះត្រង់ និងសុចរិតភាព។ ការបំពានបែបនេះរួមមានការប្រមាថបុគ្គល តាមរយៈកាយវិការប្រមាថ ឬភាសា ក៏ដូចជាការប្រព្រឹត្តតាមរបៀបដែល នាំកីឡាបាល់ទាត់ និង FIFA ទៅជាការប្រមាថ ៕
ដោយ៖លីភីលីព

Most Popular

To Top