ប្រធានក្រុមហ៊ុនផលិតពូកជប៉ុន Airweave បានអួតអំពីភាព រឹងមាំនៃគ្រែ ធ្វើពីក្រដាសកាតុង ដែលនឹងត្រូវប្រើក្នុងអំឡុង ពេលកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង។

គ្រែគេង ប្រហែល 16,000 ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Airweave សម្រាប់អត្តពលិកដែលមានទីតាំង នៅភូមិអូឡាំពិក និងប៉ារ៉ាឡាំពិកនៅ Saint-Denis។ នេះជាលើកទី 2 ហើយ ដែលក្រុមហ៊ុន Airweave នឹងផ្គត់ផ្គង់គ្រែដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីបានផ្គត់ផ្គង់ម្តងរួចមកហើយ នៅព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ 2020។

គ្រែ ធ្វើពីក្រដាសកាតុង ធ្វើឱ្យមានការភ្ញាក់ផ្អើល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឆ្នាំ 2021 ជាមួយនឹងការអះអាងថា អ្នករៀបចំ កីឡាអូឡាំពិក នៅទីក្រុងតូក្យូឆ្នាំ 2020 ប្រើគ្រែក្រដាសកាតុង ដើម្បីការពារកុំឱ្យអត្តពលិក រួមភេទ បាន។ ក្នុងអំឡុងពេលប្រកួត វីដេអូបានរីករាល ដាលនៅលើ TikTok របស់អត្តពលិកអូឡាំពិកលោត លើគ្រែដើម្បីសាកល្បង ភាពរឹងមាំរបស់គ្រែទាំងនោះ ។

Motokuni Takaoka ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Airweave ក៏បានលោតលើគ្រែដើម្បីបង្ហាញពីភាពធន់របស់គ្រែ នៅពេលបង្ហាញ សម្រាប់ដាក់ឱ្យ អត្តពលិកប្រើប្រាស់ នៅទីក្រុងប៉ារីសឆ្នាំ 2024។ Takaoka បាននិយាយនៅក្នុងវីដេអូ ដែលបង្ហោះដោយ Reuters ថា “យើងបានរចនាគ្រែក្រដាសកាតុង ទាំងនេះសម្រាប់មនុស្ស 3 ទៅ 4 នាក់លោត ពីព្រោះបន្ទាប់ពីទទួលបានមេដាយ មនុស្សនឹងសប្បាយ ចិត្តខ្លាំងណាស់” ។
ទំហំស្តង់ដារនៃគ្រែមួយមានទទឹង 90 សង់ទីម៉ែត្រ និងបណ្តោយ 200 សង់ទីម៉ែត្រ ប៉ុន្តែអាចពង្រីកដល់ 2.20 ម៉ែត្រសម្រាប់អត្តពលិកដែលមានកម្ពស់ខ្ពស់។

លោក Tony Estanguet ប្រធានរៀបចំអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ 2024 បាននិយាយថា លោករីករាយដែលគ្រែ ដែលផលិតពីសម្ភារៈកែច្នៃឡើងវិញបានបំពេញតាមសេចក្តីត្រូវការ របស់គណៈកម្មាធិការរៀបចំ។ ការប្រកាសអំពី ការប្រើគ្រែរបស់ Airweave សម្រាប់ ឱ្យអត្តពលិកស្នាក់នៅ ក្នុងព្រឹត្តិការណ៍ទីក្រុងប៉ារីសឆ្នាំ 2024 បានធ្វើឡើងក្នុងអំឡុងពេលសិក្ខាសាលា Chefs de Mission ដែលបានរៀបចំឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ នៅក្នុងរដ្ឋធានី របស់ប្រទេសបារាំង ៕
