ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆឹកា ឆ្នាំ២០២៣ បានប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងជាតិជាផ្លូវការ នៅនាយកដ្ឋានអប់រំកាយ និងកីឡាដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ ២០២៩ នាពេលខាងមុខនៅកម្ពុជា។
ក្នុងឳកាសពិធីបើកវគ្គជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា និងលោក ហេង សុខឃន ប្រធានសហព័ន្ធកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជា។
លោក ផេង វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងដែលមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចំនួន ៤៥នាក់ ក្នុងនោះស្រី ៥ នាក់ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក្នុងការត្រៀមរៀបចំការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ និងត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ ២០២៩ នាពេលខាងមុខ។
លោកបន្តថា ធ្វើឡើងដើម្បីឲ្យសិក្ខាកាមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាម គោលបំណងតម្រង់ទិស ពង្រឹងពង្រីកគុណភាព និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីង កម្រិតស្តង់ដារត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិពិតប្រាកដ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា សូមវាយតម្លៃខ្ពស់វគ្គនេះដែលមានសិក្ខាកាមជានារី ព្រោះចរនាកីឡាត្រូវឲ្យមាននារីចូលរួម ៣០ ភាគរយគ្រប់កន្លែងទាំងអស់ បើគ្មាននារីយើងមិនគោរពគោលការណ៍អន្តរជាតិ ហើយថ្ងៃនេះលោកបានឃើញ ស្រីចូលរួមចរនាកីឡារបស់យើង ហើយយើងត្រូវប្រើគោលការណ៍ រួមចរនាកីឡាអូឡាំពិក។
លោកបានបន្តថា គិតមកដល់ពេលនេះយើងមានសហព័ន្ធ កីឡាករ និងមន្ត្រីបច្ចេកទេសដើម្បី ជួយការដឹកនាំឲ្យរលូន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក្នុងការត្រៀមរៀបចំការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ និងត្រៀមលក្ខណៈព ណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ ២០២៩ នាពេលខាងមុខ។ ហើយអ្វីដែលសំខាន់នាពេលនេះ គឺការសិក្សារៀនសូត្រពីច្បាប់អន្តរជាតិ និងស្តង់ដារប្រដាល់ឃីកបុកស៊ីង ដូច្នេះសិក្ខាកាមទំាងអស់ត្រូវចាប់ ឲ្យបាននូវចំណេះដឹងទំាងនេះ។
សិក្ខាកាមទំាងអស់ត្រូវចងចាំថា ជាមន្រ្តីវិនិឆ័យការប្រកួត ហើយមន្រ្តីវិនិឆ័យការប្រកួត មានតួនាទី២ត្រូវអនុវត្ត គឺទី១ត្រូវយល់ដឹងពីច្បាប់ និងបទបញ្ជានៃការប្រកួត កីឡាប្រដាល់ឃីកបុកស៊ីង និងត្រូវមានការសិក្សា និងគោលការណ៍ក្រមសីលធម៌កីឡា ៕ ដោយ៖លី ភីលីព