ថៃ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ពីថៃថា គិតមកដល់ថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនី ហែលជើងទាកម្ពុជាយើង ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជើងទាជើងឯក ASIAN លើកទី១៨ ឆ្នាំ២០២៣ “ 18th ASIAN Finswimming Championships 2023” នៅប្រទេសថៃហើយ ។

លោក អគ្គលេខាធិការបានបន្តថា ថ្ងៃនេះយើងនឹងធ្វើការប្រកួតបន្តទៀត ទៅតាមវិញ្ញាសាដែលបានកំណត់ ។ចំណែក មេដាយមាស ២ គ្រឿង ដណ្តើមបានដោយកីឡា ការិនីហែលជើងទា កាំង មុយ នីន លើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រនារី និងើវិញ្ញាសាហែលចម្ងាយ ២០០ ម៉ែត្រនារី ។ ចំពោះមេដាយសំរិទ្ធ ២ គ្រឿងដណ្តើមបានដោយ កីឡាការិនីហែលជើងទាឃឺន ប៊ុនពេជ្រ មរកត ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រនារី និងើវិញ្ញាសាហែលចម្ងាយ ២០០ ម៉ែត្រនារី ។

លោក ហែម គីរី បានប្រាប់ថា ការចេញទៅចូលរួមប្រកួតនេះដោយទទួលបានការអនុញ្ញាតពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី FIN Swimming ចំនួន៥នាក់ទៅចូលរួមការប្រកួត 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់ Association of Thailand Underwater Sports ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ២៤ ដល់ ថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ ខេត្ត ភូកេត នៃ ព្រះរាជាណាចក្រ ថៃ។

ចំពោះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីរួមមាន៖អ្នកគ្រូបង្វឹក ហែមថុន វិទិនី កីឡាការិនី កាំង មុយ នីន កីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត កីឡាករ ទួន ទិត្យ សត្យា និងកីឡាករ លឹម សុខ វឌ្ឍន៍នន្ទ ៕
ដោយ៖លី ភីលីព

