ខេត្តសៀមរាប ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍ ចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងពិធីពិសាភោជនីយាហារ អបអរសាទរទិវារត់ប្រណាំង អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ សណ្ឋាគារ Courtyard by Marriott Siem Reap Resort ខេត្តសៀមរាប-អង្គរនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកស្រី Arimori Yuko ប្រធានអង្គការបេះដូងមាស ។
លោក បណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ នារាត្រីនេះក៏ដូចជាត្រៀម ចូលរួមរត់ប្រណាំងនាព្រឹកស្អែក នៅមុខប្រាសាទអង្គរវត្ត ជាអច្ឆរិយទី៨ របស់ពិភពលោក ។ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្តនេះ ក៏ជាការអបអរសាទរ នៃខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ផងដែរ ។ កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនង ការទូតជាផ្លូវការ ដំបូងនៅឆ្នាំ១៩៥៣ ហើយ ៧០ឆ្នាំក្រោយ គឺឆ្នាំ២០២៣នេះ ប្រទេសទាំង ២ បានដំឡើង កម្រិតទំនាក់ទំនងទ្វេភាគីដល់កម្រិត “ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ” ជាដៃគូយុទ្ធសាស្ត្រ កម្រិតខ្ពស់បំផុត ហើយមិត្តជប៉ុន ក៏ជាប្រទេសមួយនាំមុខគេ ក្នុងការផ្តល់ជំនួយឥតសំណង ដល់កម្ពុជា និងកម្ចីសម្រាប់ការ អភិវឌ្ឍន៍នៅកម្ពុជា ។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជាមួយគ្នានេះដែរ ឆ្នាំ២០២៣នេះ ក៏ជាខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងអង្គការបេះដូងមាសជប៉ុន ក្នុងការបន្តសហការ រួមគ្នារៀបចំទិវា រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត រហូតបានធ្វើឲ្យទិវារត់ប្រណាំង អន្តរជាតិនេះ ក្លាយជាព្រឹត្តិការណ៍ កីឡាទេសចរណ៍ដ៏ធំបំផុត នៅកម្ពុជា ដែលសរបញ្ជាក់យ៉ាងច្បាស់ ពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើររវាង ប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដ៏ធំប្រចាំឆ្នាំនៅលើទឹកដីអង្គរដ៏ល្អឯកនេះ ពិតជាបាននាំមកនូវភាពកក់ក្តៅ ភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ជូនដល់អត្តពលិក ចូលរួមរត់ប្រណាំង ទាំងអស់ដែលបាន មកពីគ្រប់ទិសទី ជុំវិញពិភពលោក ដោយសារកម្ពុជា បានវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅ ទេសចរណ៍ដ៏សំខាន់បំផុត លើពិភពលោក ហើយកម្ពុជាក៏បានក្លាយ ជាគោលដៅទេសចរណ៍សុវត្ថិភាព មុនគេក្រោយវិបត្តិជំងឺកូវីដ-១៩ និងផ្ដល់នូវភាពកក់ក្ដៅ ជាទីបំផុត ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ។
លោកបានបន្ថែមទៀតថា ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល បានអនុម័ត និងដាក់ចេញនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ សម្រាប់ឆ្នាំ២០២១-២០៣៥ ក្នុងគោលដៅយុទ្ធសាស្រ្ត ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់ប្រាសាទអង្គរ និងតំបន់ជុំវិញ ដែលជាតំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោកដ៏ ល្បីល្បាញមួយនះឲ្យមានការការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស” ។
ក្នុងបរិការនេះ ឆ្លៀតឱកាស ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរ និងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅទីក្រុងសៀមរាប និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយជប៉ុន ដើម្បីរៀបចំទីក្រុងសៀមរាប ដែលជាទីក្រុងបេតិកភណ្ឌឲ្យ ក្លាយជាទីក្រុងឆ្លាតវៃ “Smart City” ផងដែរ ។
ម្យ៉ាងវិញទៀត ជាមួយនឹងការ ដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នាពេលថ្មីៗនេះ ក៏បានផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរ អន្តរជាតិក្នុង ការធ្វើដំណើរ តាមជើងហោះហើរត្រង់ផ្លូវឆ្ងាយ ដោយប្រើ ប្រភេទយន្តហោះយក្ស មកកាន់គោលដៅ ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញមួយនេះ ។ យើងខ្ញុំសង្ឃឹមថានឹងមាន ជើងហោះហើរត្រង់ពីជប៉ុន និងកំណើនភ្ញៀវ ទេសចរជប៉ុន ក៏ដូចជាមកពីទីផ្សារធំៗ ជាច្រើនទៀត ក្នុងតំបន់ និងពិភពលោក មក កាន់សៀមរាប-អង្គរកាន់តែច្រើនក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ជាថ្មីម្តងទៀត ខ្ញុំសូមគាំទ្រ កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការបេះដូងមាស ជប៉ុន ដែលបានសហការ យ៉ាងស្អិតរមួតជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការបន្តនិរន្តរភាពរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះអស់រយៈពេល២៨ឆ្នាំមកហើយ ដើម្បីមនុស្សធម៌ កាត់បន្ថយ ភាពក្រីក្រ កំណើនទេសចរណ៍ និងបំផុសការចូលរួមលេងកីឡា។ សូមឱ្យកិច្ចសហការរួមគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងអង្គការបេះដូងមាសជប៉ុន នៅបន្តស្ថិតស្ថេរជានិរន្តរ៍៕