កីឡា

អត្តពលិករុស្ស៊ី ត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រកួតកីឡា អូឡាំពិកឆ្នាំ ២០២៤

RT

ទីក្រុងប៉ារីស ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចថា អត្តពលិករុស្ស៊ី និងបេឡារុស្ស នឹងត្រូវបានអនុញ្ញាត ឲ្យចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីសឆ្នាំ ២០២៤ “Paris 2024 Olympic Games” ក្រោមស្ថានភាពទង់ជាតិអព្យាក្រឹត យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

យោងតាមសេចក្តីថ្លែងការណ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ IOC កាលពីថ្ងៃសុក្រ អត្តពលិកអព្យាក្រឹតបុគ្គល (AINs) ដោយគណៈកម្មាធិការ ប្រតិបត្តិរបស់អង្គការកំណត់ថា ជាអត្តពលិក ដែលកាន់លិខិតឆ្លងដែនរុស្សី ឬបេឡារុស្សនឹងមានសិទ្ធិចូលរួមប្រកួតប្រជែង ក្រោមលក្ខខណ្ឌបានកំណត់ ប្រសិនបើពួកគេបានបញ្ចប់ព្រឹត្តិការណ៍ជម្រុះ ។

ការសម្រេចចិត្តនេះអនុវត្ត ចំពោះបុគ្គលម្នាក់ៗ ហើយ IOC បានសម្រេចថា ជនជាតិរុស្សី និងបេឡារុស្សនឹងមិនត្រូវ បានអនុញ្ញាត ឲ្យចូលរួមប្រកួតកីឡា ជាក្រុមនៅក្នុងការប្រកួតនោះទេ ។ អត្តពលិក ឬបុគ្គលិកផ្សេងទៀត គាំទ្រយ៉ាងសកម្មយុទ្ធនាការយោធា របស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នឹងត្រូវហាមឃាត់ផងដែរ ។

ដូចគ្នាដែរ អត្តពលិក និងបុគ្គលិកគាំទ្រចុះកិច្ចសន្យា ជាមួយយោធារុស្ស៊ី ឬបេឡារុស្ស ឬភ្នាក់ងារសន្តិសុខជាតិ នឹងមិនមានសិទ្ធិចូលរួម ឬប្រកួតប្រជែងឡើយ ។ លើសពីនេះទៀត AINs ទាំងអស់នឹងត្រូវបំពេញ តាមតម្រូវការប្រឆាំងនឹងសារធាតុញៀន ត្រូវបានបង្កើតឡើង ដោយសហព័ន្ធអន្តរជាតិ ។

IOC បានកត់សម្គាល់បន្ថែមទៀតថា ការដាក់ទណ្ឌកម្មរបស់ខ្លួនលើរដ្ឋ និងរដ្ឋាភិបាល របស់រុស្ស៊ី និងបេឡារុស្ស នឹងនៅតែមាន សម្រាប់ការប្រកួតកីឡាប៉ារីស ។ នេះមានន័យថា គ្មានទង់ជាតិ ភ្លេងជាតិ ពណ៌ ឬអត្តសញ្ញាណជាតិ ផ្សេងទៀតនៃប្រទេសទាំង២ នឹងត្រូវបានអនុញ្ញាតឲ្យដាក់តាំងនៅទីកន្លែង ឬមុខងារផ្លូវការណាមួយក្នុងព្រឹត្តិការណ៍នោះទេ ។

មន្ត្រីរដ្ឋរបស់រដ្ឋាភិបាលរុស្ស៊ី និងបេឡារុស្សនឹងមិនត្រូវបានអញ្ជើញ ឬទទួលស្គាល់សម្រាប់ហ្គេមនោះទេ។ ក្នុងចំណោមអត្តពលិក ៤៦០០ នាក់មកពីជុំវិញពិភពលោកដែលរហូតមកដល់ពេលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទីក្រុងប៉ារីសឆ្នាំ ២០២៤ មានអត្តពលិកអព្យាក្រឹតតែ ១១ នាក់ប៉ុណ្ណោះរួមមានជនជាតិរុស្ស៊ី ៨ នាក់ និងជនជាតិបេឡារុស្ស ៣ នាក់ ៕
ដោយ៖លី ភីលីព

Most Popular

To Top