កីឡា

ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយ ៤៨ គ្រឿង នៃព្រឹត្តិការណ៍កីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣–ម្ចាស់ផ្ទះកម្ពុជាបានឡើងឈរលេខ២ជំនួសតំណែងថៃ ដែលបានគ្រប់គ្រងតំណែងលេខ២នេះ៣ថ្ងៃជាប់ៗគ្នា បន្ទាប់ពីអត្តពលិកកម្ពុជាបានឈ្នះមេដាយមាស២គ្រឿងបន្ថែម ប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿងទៀត នៅថ្ងៃបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៣ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៦ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ជាមួយនឹងមេដាយមាស២គ្រឿងបន្ថែមនេះបានធ្វើឱ្យម្ចាស់ផ្ទះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ និងបានទម្លាក់តំណែងលេខ២ថៃទៅលេខ៣វិញ ដោយកម្ពុជា ឈរនៅលេខ២ ជាមួយនឹងមេដាយសរុបទាំងអស់ ចំនួន ៤៨គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង មេដាយប្រាក់ ២៧គ្រឿង និងមេដាយសំរឹទ្ធចំនួន ១៧គ្រឿង។ មេដាយសរុប ៤៨គ្រឿង ឆ្នាំ២០២៣របស់ម្ចាស់ផ្ទះកម្ពុជាបានកើនឡើងជាង២ដងនៃចំនួនមេដាយដែលរកបាន ក្នុងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២២ កន្លងទៅក្នុងនាមជាម្ចាស់ផ្ទះ២ឆ្នាំជាប់គ្នា។

ចំពោះចំណាត់ថ្នាក់លេខ១គ្រប់គ្រងដោយវៀតណាម ដែលបង្ហាញពីសក្តានុពលយ៉ាងខ្ពស់លើសលប់ ក្នុងចំណោម៧ប្រទេសដែលបានចូលរួមការប្រកួតនេះ ដោយដណ្តើមបានមេដាយសរុបរហូតដល់ ៨៤គ្រឿង ក្នុងនោះមានមេដាយមាស ៦៩គ្រឿង ប្រាក់ ប្រាក់១៤ និងសំរឹទ្ធ១។ ចំណោះថៃ ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយមាស៣គ្រឿង ប្រាក់ ៩ និងសំរឹទ្ធ៦ ខណៈហ្វីលីពីន ឈរលេខរៀងទី៤ មេដាយមាស១ ប្រាក់១៤ និងសំរឹទ្ធ១០។ រីឯសិង្ហបុរី ឈរលេខ៥ មេដាយមាស១ ប្រាក់ ៧ និងសំរឹទ្ធ៥ ស្របពេលដែលឥណ្ឌូណេស៊ី និងឡាវមិនទទួលបានមេដាយមាសទេ តាមត្រឹមមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ។

ថ្លែងក្រោយបញ្ចប់ការប្រកួត និងពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានលើកឡើងថា គុណភាពរបស់កីឡាករ កីឡាការិនីមានការកើនឡើង ដែលពួកគេមួយចំនួនដណ្តើមបានមេដាយសំរឹទ្ធ កាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែពេលនេះដណ្តើមបានមេដាយប្រាក់។ លោកបានអះអាងថា នេះជាលទ្ធផលល្អ ដែលក្រុមអត្តពលិកចំបាប់កម្ពុជានៅតែហ្វឹកហាត់ត្រៀមជានិច្ច ទោះបីជាក្រោយចប់ស៊ីហ្គេម ២០២៣ក្តី ក៏ពួកគេនៅតែបន្តការហ្វឹកហាត់ក្នុងស្រុក និងនៅប្រទេសចិន។ ជាគោលដៅ សហព័ន្ធកីឡាចំបាប់កម្ពុជានឹងបន្តសម្រួចការហ្វឹកហាត់ក្រុមជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ និងសម្រួចគុណភាពយុវជន ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩។

ក្នុងនាមប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ លោក ខេស៊ី បាណេត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា គឺបានដំណើរការដោយរលូន និងស្របតាមស្តង់ដាអន្តរជាតិ។ យើងទទួលបានការសរសើរពីតំណាងសហព័ន្ធកីឡាចំបាប់អន្តរជាតិ និងការកោតសរសើរពីមេអាជ្ញាកណ្តាលសម្រាប់ការប្រកួតនេះ គឺជាអាជ្ញាកណ្តាលអូឡាំពិកអន្តរជាតិ។ ពួកគាត់សរសើរប្រទេសកម្ពុជារៀបចំបានល្អ ហើយពួកគេគ្រប់គ្នាស្នើសុំប្រទេសកម្ពុជារៀបចំការប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ម្តងទៀត នាឆ្នាំ២០២៤ខាងមុខ។ ប៉ុន្តែយើងមិនទាន់សម្រេចថាយ៉ាងណានោះទេ ដែលធម្មតា នៅតំបន់អាស៊ីអាគ្នេយ៍ យើងតែងតែផ្តល់ឱកាសដល់ម្ចាស់ផ្ទះ រៀបចំស៊ីហ្គេម (រៀងរាល់២ឆ្នាំម្តង) នីមួយៗ មុន១ឆ្នាំរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ដែលស៊ីហ្គេម ឆ្នាំ២០២៥ ប្រទេសថៃគឺជាម្ចាស់ផ្ទះ ដូច្នេះថៃនឹងត្រូវទទួលបានជម្រើសទី១ ក្នុងការទទួលបានសិទ្ធិនេះ។ ប៉ុន្តែប្រសិនបើប្រទេសថៃមិនទទួលរៀបចំការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៤នោះទេ គឺកម្ពុជានឹងបន្តរៀបចំម្តងទៀត ដែលមានរយៈពេល៣ឆ្នាំជាប់ៗគ្នាតែម្តង»៕ ដោយ៖លី ភីលីព

Most Popular

To Top