ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯក ប្រចាំថ្នាក់ជាតិ ២០២៣ ដែលប្រព្រឹត្តិចាប់ផ្តើម១៤ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតតេជោរាជធានីភ្នំពេញ ដោយមានក្លិបចូលរួមចំនួន ៦ នៅទូទាំងប្រទេសកម្ពុជា ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្លិបទំាង ៦ រួមមានក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ក្លិបកីឡាសីដក់ ក្រសួងការពារជាតិ ក្លិបកីឡាសីដក់យុវខេមរា ក្លិបកីឡាសីដក់ បានលុង ក្លិបកីឡាសីដក់ មន្ទីរអយកខេត្តកណ្តាល និងក្លិបកីឡាសីដក់មជ្ឈមណ្ឌលកីឡាខ.ភ.ម ។

កីឡាសីដក់នៅកម្ពុជា កាន់តែមានការរីកចម្រើនទាំង បរិមាណនិងគុណភាព ល្អក្នុងពេលដ៏ខ្លីខាងមុខ ដោយសហព័ន្ធបានធ្វើការ ខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណ អត្តពលិក វ័យក្មេងនៅ តាមបណ្តាសមាគម-ក្លិបកីឡាសីដក់ ទូទាំងប្រទេស ។ បង្កើតធនធានមនុស្ស និងសម្ភារហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគម-ក្លិប ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

ពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគម-ក្លិបដោយផ្តោតសំខាន់លើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ ។ ពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និង រៀបចំការប្រកួត បានគ្រប់កម្រិត ។

ខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើត ព្រឹត្តិការណ៍ប្រកួត ឲ្យបានកាន់ តែច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ហើយត្រូវជំរុញការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់ សហព័ន្ធឲ្យ បានទូលំ ទូលាយដើម្បីទាក់ទាញការគាំទ្រ ពីវិស័យឯកជន និងសាធារណជនជាតិ អន្តរជាតិ ឲ្យកាន់តែច្រើនទៀត ឲ្យកាន់តែច្រើន បន្ថែមទៀត ។

ប្រឹងប្រែង រកទីលានប្រកួតប្រភេទកីឡាសីដក់ស្តង់ដារ មួយដើម្បីរៀបចំ ការប្រកួតជាលក្ខណៈអន្តរជាតិ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និង ជួយ លើកកម្ពស់សុខមាលភាព ដល់ប្រជាពលរដ្ឋ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ៕
ដោយ៖លី ភីលីព
