ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនាទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកីឡាករ-កីឡាការិនីចំនួន ៥៧ នាក់មកក្លិបចំនួន៩ ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣មានកីឡាករ-កីឡារិនី ចូលរួមចំនួន ៥៧ នាក់ក្នុងនោះមានកីឡាករចំនួន ៥១ នាក់ និងកីឡាការិនី ៦ នាក់មកពីក្លិបកីឡាវាយកូនបាល់ អូឡាំពិក ក្លិបកីឡាវាយកូនបាល់ ក្រសួងការពារជាតិ ក្លិបកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនបាល់ ខេត្តបាត់ដំបង ក្លិបកីឡាវាយ កូនបាល់ខេត្តសៀមរាប ក្លិបកីឡាវាយកូនបាល់ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្លិបកីឡាវាយកូនបាល់ខេត្តតាកែវ ក្លិបកីឡាវាយកូនបាល់ ខេត្តព្រះវិហារ និងក្លិបកីឡា វាយកូនបាល់ឌីវេនកូ។

លោកអគ្គរងបានបន្តថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនេះ មានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដាក់ ៤ វិញ្ញាសា រួមមានវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ១៨ ឆ្នាំ ។
សមាគម-ក្លិបនីមួយៗអាចបញ្ចូនកីឡាករ -កីឡាកាវិនីរបស់ខ្លួនមកចូលរួមការប្រកួតនេះ កីឡាករចំនួន ៦ នាក់ កីឡាការិនី ២ នាក់ មន្រ្តី ២ នាក់ (គ្រូបង្វឹក ឬប្រធានក្រុម) និងមន្រ្តីបច្ចេកទេសមក្រិតជាតិ ឬអន្តរជាតិ ជាអ្នកចាត់ការទូទៅ ៕

