ខេត្តកែប៖ ក្រុមកីឡាករ-កីឡាការិនីសមាគមកីឡាទ្រីយ៉ាត្លុងកងយោពលខេមរភូមិន្ទ (ក្រសួងការពារជាតិ) ការពារតំណែងជើងឯកក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ នៅខេត្តកែបដែលរៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសពិធីបិទការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក ហួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែបតំណាងលោកអភិបាលខេត្ត និងលោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាតំណាងឲ្យលោកប្រធាន។
លទ្ធផលការប្រកួត៖វិញ្ញាសាអាគ័រត្លុងយុវនារីអាយុក្រោម ១៨ ឆ្នាំ មេដាយមាសបានទៅលើកីឡាការិនី ទូច រក្សា ក្រសួងការពារជាតិ មេដាយប្រាក់បានទៅលើកីឡាការិនី Li liam ក្លិបមហាជន និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ហ៊ោ ធីតា ក្រសួងការពារជាតិ។
ចំណែកវិញ្ញាសាអាគ័រត្លុងយុវជនអាយុក្រោម ១៨ ឆ្នាំ មេដាយមាសបានទៅលើកីឡាករ វ៉ែន ចន្ទី វីហ្គេមហ្វីត មេដាយប្រាក់បានទៅលើកីឡាករ ឈៀន សុខម៉េង ក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានទៅលើកីឡាករ ឈៀង ណូរ៉ា ក្រសួងមហាផ្ទៃ។
ចំពោះវិញ្ញាសាអាគ័រត្លុងយុវនារីអាយុ ១៨ ឆ្នាំឡើង មេដាយមាសបានទៅលើកីឡាការិនី Eri ka ក្លិបមហាជន មេដាយប្រាក់បានទៅលើកីឡាការិនី Ung socheata ក្លិបមហាជន និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ថន សុម៉ាវត្តី ក្រសួងការពារជាតិ។
រីឯវិញ្ញាសាអាគ័រត្លុងយុវជនអាយុ ១៨ ឆ្នាំឡើង មេដាយមាសបានទៅលើកីឡាករ ថែ ធុច ក្រសួងការពារជាតិ មេដាយប្រាក់បានទៅលើកីឡាករ រុំ វិបុល វីហ្គេមហ្វីត និងមេដាយសំរិទ្ធបានទៅលើកីឡាករ ទូច លុច ក្រសួងការពារជាតិ៕ ដោយ៖លី ភីលីព



