ភ្នំពេញ៖ ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ជាលើកដំបូងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកមានក្លិបកីឡាហាប់គីដូចូលរួមចំនួន ៥ ក្លិប ដោយការប្រកួតនេះប្រើប្រាស់ថវិការបស់សហព័ន្ធខ្មែរកីឡាហាប់គីដូផ្ទាល់។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រាប់ឲ្យដឹងថា យោង ចំណារឯកភាពរបស់ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូបានអនុញ្ញាតរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ និងប្រព្រឹត្តិទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតនេះមានក្លិបកីឡាហាប់គីដូចំនួន ៥ ក្លិបរួមមានសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ក្លិបកីឡាហាប់គីដូ អូឡាំពិក ក្លិបកីឡាហាប់គីដូ ឥន្ទ្រីយ៍ ក្លិបកីឡាហាប់គីដូ ម៉ាស្ទរសេង និងក្លិបកីឡាហាប់គីដូធីណាដែលមានកីឡាករ-កីឡាការិនីជិត៨០ នាក់ចូលរួមលើកដំបូង។ ការប្រកួតនេះរូបលោកនឹងព្យាយាមធ្វើដោយប្រកបការយកចិត្តទុកដាក់ខ្ពស់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅចប់ដោយរលូន និងទទួលបានជោគជ័យ។
ចែកចេញជា២វ័យ គឺ កុមារ និងពេញវ័យ និងមាន ២៣វិញ្ញាសារួមមាន៖ ផ្នែកកុមារ៖វិញ្ញាសាលោតចម្ងាយ (Hapkido Long-Fall) ឯកត្តជនកុមារា និងឯកត្តជនកុមារី។ វិញ្ញាសាលោតកម្ពស់ (Hapkido High-Fall) ឯកត្តជនកុមារា វិញ្ញាសាស្នៀតការពារខ្លួន (Hapkido Self-Defense) គូកុមារីម្នាក់-កុមារាម្នាក់ (កុមារីជាអ្នកការពារ) វិញ្ញាសាប្រយុទ្ធ ឯកត្តជនកុមារា។ ចំណែកវិញ្ញាសាឯកត្តជនកុមារី វិញ្ញាសាទាត់ និងដាល់ល្បឿន ឯកត្តជនកុមារា ឯកត្តជនកុមារី
ផ្នែកពេញវ័យ៖ វិញ្ញាសាលោតចម្ងាយ (Hapkido Long-Fall) ឯកត្តជនបុរស និងឯកត្តជននារី ៖ វិញ្ញាសាលោតកម្ពស់ (Hapkido High-Fall) ឯកត្តជនបុរស វិញ្ញាសាស្នៀតការពារខ្លួន (Hapkido Self-Defense) គូនារីម្នាក់-បុរសម្នាក់ (នារីជាអ្នកការពារ) វិញ្ញាសាប្រយុទ្ធ បុរស ៥៥គីឡូក្រាម ៦០គីឡូក្រាម នារី ៤៥គីឡូក្រាម៕ ដោយ៖លី ភីលីព





