ខេត្តបាត់ដំបង ៖ ក្រុមកីឡាករ“ទូកនាគ” កងទ័ពជើងទឹកគ្រងតំណែង ជើងឯកក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុងជើងឯកថ្នាក់ជាតិ “ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង” លើកទី១០ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅវេទិកាអុំទូក ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីក្រុមនេះដណ្តើមបានមេដាយចំនួន ៧គ្រឿង ។
លោក គង់ សុភាព មន្តី្រវបច្ចេកទេស និង គ្រូបង្វឹកជំនួយជម្រើសជាតិបាននិយាយថា ការប្រកួតកីឡាទូកប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯក ថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី១០ ឆ្នាំ២០២៣ នេះ មានសមាគម ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួម ចំនួន ១៨ក្រសួង រាជធានី ខេត្ត។
ក្លិប និងសមាគមទូកកានូ និងរ៉ូអ៊ីងចំនួន ១៨ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣៦០នាក់ ក្នុងនោះកីឡាករ ២២៨នាក់ កីឡាការិនី ៦៩នាក់ គ្រូបង្វឹក ៣៥នាក់ និងប្រតិភូដឹកនាំ ២៩នាក់ ។
លោកបានបន្តថា ចំពោះលទ្ធផល ក្រុមកីឡាករ“ទូកនាគ” កងទ័ពជើងទឹកគ្រងតំណែងជើងឯកដណ្តើមបានមេដាយចំនួន ៧គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ“ទូកនាគ” ក្រសួងមហាផ្ទៃបានត្រឹមជើងឯករងក្នុងនោះមេដាយមាស ៣ គ្រឿង និងក្រុមកីឡាករ“ទូកនាគ” ខេត្តកណ្តាលឈ្នះមេដាយ មាស ២ គ្រឿង និង មេដាយប្រាក់ ១ គ្រឿង
ចំណែកក្រុមកីឡាករ “ទូកនាគ” ខេត្តឧត្តមមានជ័យឈ្នះមេដាយប្រាក់ ២ គ្រឿង ក្រុមកីឡាករ“ទូកនាគ” ខេត្តស្វាយរៀងឈ្នះមេដាយប្រាក់ ២ គ្រឿង ក្រុមកីឡាករ“ទូកនាគ” ខេត្តរតនគិរីឈ្នះមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាករ“ទូកនាគ”ម្ចាស់ផ្ទះ ខេត្តបាត់ដំបងឈ្នះមេដាយមាសសំរិទ្ធ ២ គ្រឿង ៕
ដោយ៖លី ភីលីព