ខេត្តកណ្តាល៖ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលនាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤បានអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ឆ្នាំ២០២៤ លើវិញ្ញាសាប៉េតង់ដែលប្រព្រឹត្តនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល កម្មវិធីរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តបាននិយាយថា ដោយទទួលបានការអនុញ្ញាតដ៏ពីលោកអភិបាលនៃគណៈអភិបាល ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩- ២០២ ៤ កម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហើយក្រុមដែលបានដាក់ពាក្យចូលរួមក្នុងការប្រកួតនេះរួមមានប្រភេទកីឡាប៉េតង់ មានចំនួន ៤៦ក្រុម ស្មើនឹង ១៨៤នាក់ ស្រី ៣២នាក់ចែកចេញជា៣ផ្នែក រួមមានផ្នែកវ័យចាស់ ២៧ក្រុម ផ្នែកយុវជន១១ក្រុម និងផ្នែកនារី៨ក្រុម។
លោក ចេង សំអ៊ុល បានមានប្រសាសន៍ថា ការប្រកួតកីឡានាពេលនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរថ្ងៃជ័យជម្នះដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅឈាម និងទឹកភ្នែក និងដើម្បីបន្តផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដែលមិនបាន ឆ្លងកាត់របបវាលពិឃាតនេះ បានយល់ដឹងកាន់តែច្បាស់នូវអនុស្សាវរីយ៍ដ៏ជូរចត់ដែលប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបាននូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍ របស់ពួក ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
លោកប្រធានបន្តថា អស់រយៈកាល ៤៥ ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ២០២៤ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យសម្រេចបានសមិទ្ធផលធំៗជូនជាតិ មាតុភូមិ ដែលមានអត្ថន័យធំធេង បំផុតចំពោះការរស់ឡើងវិញប្រកបដោយស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៃប្រទេសជាតិយើង ក្រោមម្លប់ នៃសុខសន្តិភាព។ប្រជាជនកម្ពុជាបានចងចាំជានិច្ចថា “ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទីពីរ របស់ខ្លួន បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ក៏គ្មានថ្ងៃនេះដែរ” ។ ការប្រកួត នាពេលនេះបានឆ្លុះបញ្ជាំងឱ្យឃើញថាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយុវជន យុវនារី យើង មានឱកាសបានចូលរួម និងលេងកីឡាដើម្បីទទួលបាននូវសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រុមមួយ ទៅក្រុមមួយ បង្កើតបាននូវភាពស្និទ្ធស្នាល ក្រៃលែង។
វិញ្ញាសាបុរស (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ) ក្រុមកីឡាករប៉េតង់សន្តិភាពដណ្តើមបានមេដាយមាស ក្រុមកីឡាករតាខ្មៅ ខេត្តកណ្តាលទទួលបានមេដាយប្រាក់ ហើយក្រុមកីឡាករ ប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ និងក្រុមកីឡាករប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ១ ទទួលបានមេដាយសំរិទ្ធ។ ចំណែកវិញ្ញាសានារី (ចាប់ពីអាយុ១៨ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់៖ក្រុមកីឡាការិនីសេដ្ឋកិច្ច ទទួលបានមេដាយមាស ក្រុមកីឡាការិនីប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ និងក្រុមកីឡាការិនីប៉េតង់ កំពង់សំណាញ់ ២ ទទួលបានមេដាយសំរិទ្ធ។វិញ្ញាសាវ័យចាស់ (ចាប់ពីអាយុ ៣៦ ឆ្នាំ ឡើងទៅ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ ក្រុមកីឡាករប៉េតង់សន្តិភាពទទួលបានមេដាយមាស ក្រុមកីឡាករម៉ាស្ទ័រ ទទួលបានមេដាយប្រាក់ ហើយក្រុមកីឡាករ ប៉េតង់សមាគមខេត្ត និងក្រុមកីឡាករប៉េតង់វិទ្យាល័យហ៊ុនសែន សេរីភាពទទួលបានមេដាយសំរិទ្ធ៕