ភ្នំពេញ៖ ការរៀបចំការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៣មានក្រុមកីឡាករ-កីឡាការិនីចំបាប់ចំនួន ៦៦ នាក់ចូលរួមការប្រកួតឆ្នាំនេះ ការប្រកួតឡើងដោយសហព័ន្ធកីឡាចំបាប់កម្ពុជានឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមកីឡាករ-កីឡាការិនីចំបាប់ចំនួន ៦៦ នាក់មកពីក្លិប និងសមាគមចំនួន ១០ ក្នុងនោះកីឡាករចំនួន ៤៦ នាក់ និងកីឡាការិនី ២០ នាក់ រួមមានសមាគមកីឡាចំបាប់ ក្រសួងមហាផ្ទៃ ក្លិបកីឡាចំបាប់ គិរី បារមី ដំរីមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាចំបាប់ ឬទ្ធិ សែន (ខេត្តកំពង់ឆ្នាំង) និងក្លិបកីឡាចំបាប់ ប្រយ៉ាប មានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ។
ចំពោះក្លិបកីឡាចំបាប់ ឃ្លាំងមឿន (ខេត្តពោធិ៍សាត់) ក្លិបកីឡាចំបាប់ ព្រះធាតុ (ខេត្តពោធិ៍សាត់) ក្លិបកីឡាចំបាប់ខេត្តកណ្តាល ក្លិបកីឡាចំបាប់ បារមី មេទ័ពឯក (ខេត្តកណ្តាល) ក្លិបកីឡាចំបាប់ យាយព្រីងមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) និង ក្លិបកីឡាចំបាប់ បក្សីចាំក្រុង។
យោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW) សហព័ន្ធកីឡាចំបាប់កម្ពុជាបានបែងចែក និងវិញ្ញាសាដូចជាចំបាប់សម័យគឺចំបាប់សេរីបុរស ៖ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម និងប្រភេទទម្ងន់ ៨០ គីឡូក្រាមឡើង រីឯកចំបាប់សេរីនារី៖ ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងប្រភេទទម្ងន់ ៥៥ គីឡូក្រាមឡើង និងវិញញាសាចំបាប់ក្រិចកូរ៉ូមាំង៖ប្រភេទទម្ងន់ក្រោម ៧០ គីឡូក្រាម និងប្រភេទទម្ងន់ ៨០ គីឡូក្រាមឡើង។
ដោយឡែកចំបាប់បុរាណខ្មែរគឺវិញ្ញាសាចំបាប់បុរាណបុរស ៖ ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម និងប្រភេទទម្ងន់សេរី រីឯកចំបាប់បុរាណនារី៖ ប្រភេទទម្ងន់សេរី៕ ដោយ៖លី ភីលីព