កីឡា

លោក គុជ គឹមឡុង ៖ក្រុមអត្តពលិកអុកចត្រង្គទំាងអស់គ្នាគោរពវិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់ លក្ខន្តិកៈការប្រកួតបានល្អប្រសើរ

ភ្នំពេញ៖ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ លោកបានសង្កេតឃើញការចូលរួមរបស់
កីឡាករ-កីឡាការិនីមានបច្ចេទេសល្អៗ ពិសេសនោះកីឡាករ-កីឡាការិនីគ្រប់ៗរូបបានឈរលើគោលការណ៍ប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ លក្ខន្តិកៈបានល្អប្រសើរ។

នេះជាការលើកឡើងរបស់លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្នុងឱកាសបិទការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក គុជ គីមឡុង បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតទាំងមូលបានដំណើរការដោយរលូន មិនមានបញ្ហាអ្វីបានកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដោយកីឡាករ-កីឡាការិនីម្នាក់សុទ្ធតែបានយល់ច្បាស់អំពីបទបញ្ជាការប្រកួត។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនជុំរហូតដល់វគ្គផ្តាច់ព្រ័ត្រ គឺកីឡាករ សុខ លឹមហេង ជាម្ចាស់មេដាយមាស SEA GAME លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះម្តងទៀត បន្ទាប់ពីបានយកឈ្នះលើកីឡាករ សំ កក្កដា ដែលជាម្ចាស់មេដាយប្រាក់ SEA GAME លើវិញ្ញាសាឯកត្តជន។

លោកប្រធានក៏បានបង្ហាញផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការត្រៀមកីឡាករអុកចត្រង្គកម្ពុជាចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡា SEA GAME លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ ដោយម្ចាស់ផ្ទះថៃគ្រោងនឹងរៀបចំប្រភេទកីឡាអុកចត្រង្គនេះជាមួយនឹង១២វិញ្ញាសា ខណៈកម្ពុជាក៏បានត្រៀមបញ្ជូនកីឡាករចូលរួមប្រកួតលើគ្រប់វិញ្ញាសាទាំងអស់។

ចំពោះឆ្នាំ២០២៤នេះ ក្រោយពីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ SEA GAME លើកទី៣២ ឆ្នាំ២០២៣ ប្រទេសថៃបានឃើញពីកីឡាករអុកចត្រង្គកម្ពុជាមានការរីកចម្រើន ហើយប្រទេសពេញចិត្តចំពោះកីឡាករកម្ពុជា ដោយបានអញ្ជើញកីឡាករកម្ពុជា៦រូប ក្នុងការចូលរួមប្រកួតពានរង្វាន់ម្ចាស់ក្សត្រីថៃ នាខែកុម្ភៈ ឆ្នាំ២០២៤។ រីឯនៅខែវិច្ឆិកា ឆ្នាំ២០២៤នឹងមានព្រឹត្តិការណ៍កីឡា Indoor Games មួយទៀតដែរ នៅប្រទេសថៃ ដោយមានប្រភេទកីឡាអុកចត្រង្គ ខណៈកម្ពុជាក៏ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top