ភ្នំពេញ ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា ដើម្បីពិភាក្សាវាយតម្លៃ លើលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនី និងគ្រូបង្វឹកលើ៤ប្រភេទ កីឡាដែលបានឈ្នះមេដាយ ក្នុងការប្រកួតជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ និងពិភពលោក ដើម្បីស្នើសុំប្រាក់រង្វាន់ រាជរដ្ឋាភិបាលកម្ពុជា ។
កិច្ចប្រជុំនេះមានការអញ្ជើញ ជាសក្ខីភាពចូលរួមពីលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោកអគ្គនាយករង រួមទាំងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ប្រធានសហព័ន្ធ ព្រមទាំងអគ្គលេខាធិការសហព័ន្ធពាក់ព័ន្ធ ។
លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះ ដោយអនុវត្តគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំ យុវជន និងកីឡា និងការអនុវត្តស្មារតី ប្រកាសអន្តរក្រសួង របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍អនុញ្ញាត របស់ក្រសួងអប់រំ យុវជន និង កីឡាឲ្យសហព័ន្ធ កីឡាជាតិ ចំនួន៤បញ្ជូន ប្រតិភូ ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងការប្រកួតជ្រើសរើសជើងឯក ថ្នាក់តំបន់ ជើងឯកថ្នាក់ទ្វីប និងជើងឯក ថ្នាក់ ពិភពលោកមានប្រភេទកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កីឡាកាយសម្ព័ន្ធ កីឡាហែលទឹក និងកីឡាយុទ្ធគុនចម្រុះ ។
ការទៅចូលរួមប្រកួត របស់សហព័ន្ធចំនួន ៤លើព្រឹត្តិការណ៍អន្តរជាតិ ចំនួន៥នេះ ក៏ទទួលបានមេដាយជូនជាតិ មាតុភូមិត្រឡប់មកវិញ ដោយទទួលបាន មេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៦គ្រឿង ។ ដោយមានចំណារ ឯកភាពពីឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យរៀបចំនូវកិច្ចប្រជុំ ដើម្បីវាយតម្លៃ លើលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនី ទទួលបានជ័យ លាភី ដើម្បីចេញជាប្រកាស ទទួលស្គាល់ និងស្នើសុំថវិកា ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុវត្តតាមគោលការណ៍ អនុញ្ញាតឲ្យ ចូលរួមប្រកួតរបស់ក្រសួងអប់រំ យុវជន និងកីឡា បទបញ្ជាការប្រកួត កម្មវិធីប្រកួត ចំនួនប្រទេសចូលរួម រូបថតសកម្មភាពប្រកួត ពិធីបំពាក់មេដាយ និងឯកសារពាក់ព័ន្ធ និងរបាយការណ៍ស្តីពីការចូលរួមប្រកួត ។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បើទោះបីជាការស្នើសុំប្រាក់រង្វាន់នេះ បានលឿន ឬយឺតយូរយ៉ាងណាក្តី ក៏ឯកឧត្តមស្នើសុំដល់សហព័ន្ធ កីឡជាតិនានា ត្រូវមានការអត់ធ្មត់ និងរង់ចាំចំពោះប្រាក់រង្វាន់ទាំងនេះ ដោយប្រាក់រង្វាន់ទាំងនេះ មិនបាត់បង់ទៅណាទេ ដោយរាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិជាបន្តបន្ទាប់ ។
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានបញ្ជាក់ថា ដោយមានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា មានសហព័ន្ធកីឡាជាតិចំនួន៤បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់តំបន់ជើងឯកថ្នាក់ទ្វីប និងជើងឯកថ្នាក់ពិភពលោក ដែលមានកីឡា ៤ប្រភេទរួមមាន៖ ១-សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ ទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍ លើកទី១៧ ពីថ្ងៃទី៨-១២ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី លើវិញ្ញាសា Men ́s Athletic Physique up to 167cm+4kg ទទួលបានមេដាយប្រាក់ ១គ្រឿង និងវិញ្ញាសា Men’s Sport Physique up to 170cm ទទួលបានមេដាយប្រាក់ ១គ្រឿង សរុបមេដាយប្រាក់ ២គ្រឿង ។
២-សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចំនួន ១១រូប ចូលរួមការប្រកួតកីឡាកាយ សម្ព័ន្ធជ្រើសរើសជើងឯក អាអេរ៉ូប៊ិកអាស៊ី លើកទី៨ ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី លើវិញ្ញាសាទ្រីយ៉ូ នារី៣នាក់ ទទួលបានមេដាយមាស ១គ្រឿង និងវិញ្ញាសាឯកត្តជននារីទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ។
៣-សហព័ន្ធកីឡាកាយ វប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ ទៅចូលរួមការប្រកួតជ្រើសរើសជើង ឯកកីឡាកាយវប្បកម្ម ពិភពលោក លើកទី១៤ ពីថ្ងៃទី៦-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូងលើវិញ្ញាសា Men’s Sport Physique up to 180cm ទទួលបានមេដាយសំរឹទ្ឋ ១គ្រឿង និងវិញ្ញាសា Men’s Sport Physique Over 180cm ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង សរុបមេដាយសំរឹទ្ធ ២គ្រឿង។
៤-សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទៅចូលរួមប្រកួត 18 Asian Finswimming Championships ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខេត្តភូកេត ប្រទេសថៃ។ លើវិញ្ញាសា ១០០ម Bi-Fins ២០០ម៉ែត្រ Bi-Fins ទទួលបានមេដាយមាស ២ គ្រឿង និងវិញ្ញាសា៤០០ម៉ែត្រ Bi-Fins ទទួលបានមេដាយប្រាក់ ១គ្រឿង ដោយកីឡាការិនី កាំង មុយនីន។ វិញ្ញាសា ១០០ម៉ែត្រ Bi-Fins និងវិញ្ញាសា២០០ម៉ែត្រ Bi-fins ទទួលបានមេដាយសំរឹទ្ធ២គ្រឿង ដោយកីឡាការិនី ឃឺន ប៊ុនពេជមរកត (សរុបមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង)។
៥-សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទៅចូលរួមប្រកួត កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ពីថ្ងៃទី៦-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ លើវិញ្ញាសាបុរស Striking MMA ទម្ងន់ក្រោម ៦១.២គីឡូក្រាម ទទួលបានមេដាយប្រាក់ ១គ្រឿង ដោយកីឡាករ ឡុង ឡា និងវិញ្ញាសានារី Striking MMA ទម្ងន់ក្រោម ៥២.២គីឡូក្រាម ទទួលបានមេដាយសំរឹទ្ធ១គ្រឿង ដោយកីឡាការិនី អ៊ុំ ថារ័ត្ន សរុបមេដាយប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង ៕