ខេត្តកំពង់ឆ្នាំង៖នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣បានបើកការប្រកួតជាផ្លូវការដោយមានការអញ្ជើញជាកិតិ្តយសពីសំណាក់លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា សហព័ន្ធរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិឆ្នាំប្រចាំ២០២៣ ដែលដំណើរការចាប់ពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធការក្រោមការឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ការផ្តល់ទីតាំងពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ។
សមាគមកីឡាក្រសួង រាជធានី ខេត្ត ចូលរួមសរុបចំនួន ១៥ កីឡាករ កីឡាការិនី ១៧៧ នាក់ (នារី២៩នាក់) ប្រតិភូ គ្រូបង្វឹក ៣០នាក់ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមចំនួន ៨៨នាក់ សរុបរួមចំនួន ២៦៥នាក់។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ មានការកើនឡើងទាំងសមាគម និងកីឡាករ-កីឡាការិនី ជាពិសេសកីឡាការិនី សម្រាប់វិញ្ញាសាដែលត្រូវរៀបចំប្រកួត សរុបមានចំនួន ១៨។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ នេះគឺជាការលើកកម្ពស់នូវកេរ្តិ៍មរតក និងអត្តសញ្ញាណជាតិផង ព្រមទំាងការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេស កំលាំងអំណត់ និងបទពិសោធន៍ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានធ្វើការហ្វឹកហាត់កន្លងមក ហើយក៏ជាការជ្រើសរើសកីឡាករ កីឡាករីដែលមានសក្តានុពលហ្វឹកហាត់ត្រៀមលក្ខណៈទៅ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃខាងមុខនេះ ផងដែរ។
លោកប្រធានបានបន្តថា កន្លងមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានដោយជោគជ័យ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះប្រតិភូដឹកនាំ សមាគម រាជធានី ខេត្ត កីឡាប្រដាល់គុនខ្មែរទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួន មកចូលរួមក្នុងការប្រកួតប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរឲ្យមានការរីកចំរើន។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ បន្តចូលរួមសហការ គាំទ្រ ឧបត្ថម្ភក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យមានការរីកចម្រើនទាំងនៅក្នុងនិងក្រៅប្រទេស និងនៅលើឆាកអន្តរជាតិ៕
ដោយ៖លី ភីលីព