ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ យុវជនជ័យវរ័ន្មទី ៧ អាយុក្រោម១៥ ឆ្នាំគ្រងតំណែងជើងឯក នៃការប្រកួតកីឡាបាល់ទាត់ យុវជនអាយុក្រោម១៥ ឆ្នាំ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមបាល់ទាត់យុវជនព្រែកត្នោត FC អាយុក្រោម១៥ ឆ្នាំលទ្ធផល ៥ ទល់ ៤ ដោយការប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្នុងឱកាសពិធិបិទ និងប្រគល់មេដាយជូនក្រុមកីឡាករ បាល់ទាត់ការប្រកួតកីឡាបាល់ទាត់ យុវជនអាយុក្រោម១៥ ឆ្នាំនៅទីលានបាល់ទាត់ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងអនុប្រធានមន្ទីរអប់រំ យុវជន និងប្រធានការិយាល័យចំណុះមន្ទីរអប់រំ ។

ក្រុមបាល់ទាត់ យុវជនជ័យវរ័ន្មទី ៧ អាយុក្រោម១៥ ឆ្នាំគ្រងតំណែងជើងឯក ក្រុមបាល់ទាត់យុវជនព្រែកត្នោត FC អាយុក្រោម១៥ ឆ្នាំបានត្រឹមជើងឯករង ចំណែកក្រុមបាល់ទាត់យុវជនស្អាងយើងស្អាតអាយុក្រោម១៥ ឆ្នាំជាប់ចំណាត់ថ្នាក់លេខ៣ ។

ការប្រកួតខាងលើនេះមាន ៧ ក្រុមចូលរួម ក្នុងនោះគណៈកម្មការបែងចែកចេញជា ២ ពូល ហើយ ពូល “A”មានក្រុមបាល់ទាត់ស្អាងយើងស្អាតអាយុក្រោម ១៥ឆ្នាំ ក្រុមបាល់ទាត់កាលវារី ក្រុមបាល់ទាត់ យុវជន វិទ្យាល័យព្រែកស្លែង និងក្រុមបាល់ទាត់ដែនកោះបៃតង ចំណែកពូល “B” ក្រុមបាល់ទាត់បក្សីក្រហម ក្រុមបាល់ទាត់ ជ័យវរ័ន្មទី៧ និងក្រុមបាល់ទាត់ ព្រែកត្នោត FC ។

លោក ចេង សំអុល បាននិយាយថា យើងឃើញថា ខេត្តកណ្តាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបាល់ទាត់ មានសកម្មភាពផុសផលច្រើនជាងគេគួរឲ្យកត់សម្គាល់។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសកម្មរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលស្រឡាញ់និងចូលចិត្តលេងកីឡាផ្ទាល់ ដើម្បី ចូលរួមក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត ឱ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅច្បាស់លាស់ និងប្រាកដនិយម ។

បើយើងឆ្លុះបញ្ចាំងមកការប្រកួតវិញ យើងឃើញថាក្រុមកីឡាករទាំងអស់ បានអនុវត្ត តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ ល្អ រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឲ្យការប្រកួតនេះ ប្រព្រឹត្តទៅប្រកបដោយលទ្ធផល ល្អប្រសើរគួរជាទីមោទនៈ ៕
ដោយ៖លី ភីលីព

