កីឡា

រកឃើញ​ ម្ចាស់ជ័យលាភី កីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព អនុស្សាវរីយ៍ក្រុមហ៊ុន

ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាពអនុស្សាវរីយ៍ ក្រុមហ៊ុន FASAT CONSTRUCTION នៅក្លឹបកីឡាស៊ីធីស្ព័ត ច្បារអំពៅ បានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីគណៈកម្មការបច្ចេកទេសបានរកឃើញ ជ័យលាភីចម្រាញ់ចេញពីកីឡាករ ៨០ នាក់ ។

ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឡាយ ភក្តី និងកីឡាករ ឆាង គួង, លេខ២ កីឡាករ តាំង លីម៉េង និងកីឡាករ ដួង សំណាង និងលេខ៣-លេខ៣ស្ទួន កីឡាករ នង ទូច កីឡាករ គួយ រតនា និងកីឡាករ អៀវ យ៉េកឃាំង និងកីឡាករ ជាតិ សុវណ្ណារ៉ា ។

លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុ និងអគ្គនាយកក្រុមហ៊ុន FASAT CONSTRUCTION បានអញ្ជើញផ្តល់កិត្តិយស បំពាក់មេដាយ និងប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី ។ លោក បេងហុង សុជាតិសិលា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំរបស់គណៈកម្មការរៀបចំការប្រកួត និងទឹកចិត្តកីឡាករចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ និងរិតចំណងសាមគ្គីភាព ជំរុញឲ្យព្រឹត្តិការណ៍ប្រកួតទាំងមូល ដំណើរការដោយរលូន និងជោគជ័យ ។

លោក តាន់ សុភក្រ្ត ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុពានរង្វាន់មិត្តភាពអនុស្សាវរីយ៍ ក្រុមហ៊ុន FASAT CONSTRUCTION ឆ្នាំ២០២៤នេះបានគូសបញ្ជាក់ថា ជាការសង្កេត និងវាយតម្លៃគឺការចូលរួមប្រកួតរបស់កីឡាករទាំងអស់ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងការគោរពបទបញ្ជាការប្រកួតបានល្អប្រសើរ ។ ចំពោះគុណភាពបច្ចេកទេស របស់កីឡាករមានការរីកចម្រើន ច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគឺកីឡាករក្មេងៗថ្នាល ក៏បានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកើនឡើងខ្លាំងផងដែរ ។

លោក តាន់ សុភក្រ្ត បានបន្ថែមថា បានសង្កត់ធ្ងន់ យ៉ាងដូច្នេះថា បើទោះបីជានេះជាការប្រកួតមិត្តភាពក៏ពិតមែន ប៉ុន្តែកីឡាករទាំងអស់ បានប្រឹងប្រែងប្រកួតអស់ ពីសមត្ថភាព រហូតដល់បញ្ចប់ការ ប្រកួតដោយជោគជ័យ ជាពិសេសបានធ្វើឲ្យ គឺកីឡាករទាំងអស់ បានរិតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ។ គោលបំណងចម្បង នៃការប្រកួតនេះ គឺដើម្បីបណ្តុះបណ្តាលធនធានកីឡាករឲ្យចូលរួមការប្រកួតឲ្យកាន់តែច្រើន ដោយកាលណាកីឡាករ ចូលរួមប្រកួតបានច្រើន ធ្វើឲ្យពួកគាត់មានបទពិសោធន៍កាន់តែច្រើន ក្នុងការបង្កើនគុណភាព បច្ចេកទេសរបស់ខ្លួន កាន់តែប្រសើរទៀតផង ។

ប្រធានគណៈកម្មការរៀបចំ បានដាក់ក្តីរំពឹងថា តាមរយៈការរៀបចំពានរង្វាន់នេះឡើង គឺជាការរួមចំណែកដ៏ធំមួយ ក្នុងការជួយបំផុសបំផុល ដល់បងប្អូនមហាជនឱ្យស្គាល់ពីវិស័យកីឡាវាយកូនឃ្លីលើតុ ហើយក៏ជាការរួមចំណែកពង្រឹងគុណភាពកីឡាករ និងជួយដល់សហព័ន្ធកីឡាជាតិ ក្នុងការអភិវឌ្ឍជំនាញកីឡានេះផងដែរ។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីបំផុសចលនាកីឡាដល់យុវជន មហាជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយ ពីអំពើអបាយមុខផ្សេងៗ ជាពិសេសជាការផលិតធនធាន រួមចំណែកជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុ កម្ពុជាឱ្យកាន់តែសម្បូរបែប និងគុណភាពល្អៗបន្ថែមទៀត ។

លោក តាន់ សុភក្រ្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ និងអគ្គនាយកក្រុមហ៊ុន FASAT CONSTRUCTION ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំនេះ និងកីឡាករចូលរួមឧបត្ថម្ភគាំទ្រ និងហាងស្រីអូនលក់ហូលផាមួង ក៏បានជួយឧបត្ថម្ភ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ ទំាងមូលបានបញ្ចប់ដោយជោគជ័យ៕
ដោយ៖លី ភីលីព

Most Popular

To Top