ភ្នំពេញ៖ ព្រឹត្តការណ៍កីឡាបាល់ទាត់ដែលបានផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីគ្រប់រូបឲ្យទទួលបាន ឱកាសស្វែងរកសក្តានុពលផ្ទាល់ខ្លួន និងអភិវឌ្ឍន៍ខ្លួនឯងតាមរយៈបាល់ទាត់នោះនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជនរដូវកាលទី៨ AIA – ISF Youth League ប្រចាំឆ្នាំ ២០២៤ នេះ ក្រោមកិច្ចសហការដ៏យូរអង្វែងរវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ ។
អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្របានប្រាប់ឲ្យដឹង ការប្រកួតឆ្នាំនេះនឹងប្រារព្ធឡើងនៅភ្នំពេញខេត្តក្រុងចំនួន៣គឺរាជធានីភ្នំពេញ ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ។ ព្រឹត្តិការណ៍បើកការប្រកួតលើកទីមួយនៅភ្នំពេញនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបរិវេណកីឡដ្ឋាន AIA, KMH Park ។ ការប្រកួតបាល់ទាត់រៀបចំឡើងក្នុងគោលបំណងផ្តល់លើកកម្ពស់សិទ្ធិកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា ជាពិសេសកុមារ និងយុវជនជួបភាពខ្វះខាត ដោយជួយកាត់បន្ថយឧបសគ្គ ដែលរារាំងពួកគេមមិនឲ្យបញ្ចេញសមត្ថភាព ឬទទួលបានឱកាសរំដោះខ្លួនពីភាពក្រីក្រ ។
ការប្រកួតបាល់ទាត់វិលជុំនេះជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនមកពីស្ថានភាពផ្សេងគ្នា ក្នុងនោះមានយុវជនដែលគ្មានឱកាសមកចូលរួមលេងកីឡា ទន្ទឹមនឹងនេះស្វែងរកសក្តានុពលរបស់ខ្លួនតាមរយៈការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព ជំនាញបំណិន ជីវិត និងសុខុមាលភាពថែមទៀតផង។ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនរដូវកាលទី៨ AIA – ISF Youth League ប្រើប្រាស់កីឡាបាល់ ទាត់ជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព និងជំនាញសំខាន់ៗផ្សេង ទៀត ។ ការប្រកួតបាល់ទាត់វិលជុំនេះមិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ តែវាគឺជាឱកាសដ៏កម្រមួយ សម្រាប់កុមារនិងយុវជនជួបភាពខ្វះខាត អាចបង្កើនចំណេះដឹងទាក់ទងនឹង ជំនាញបំណិនជីវិត និងយល់ ដឹងពីសង្គម និងទទួលបានភាពសប្បាយរីករាយពីការលេងកីឡាផងដែរ ។
អ្នកស្រីប្រធានបានបន្តថា ក្រៅពីវគ្គបណ្តុះបណ្តាលបាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ បំណិនជីវិតដល់កីឡាករកីឡាការនីទៀតផង ។ វគ្គបណ្តុះបណ្តាលដោយផ្តោតលើការយល់ដឹងអំពី បញ្ហានានា ដែលផ្តល់ផលប៉ះពាល់ដល់សហគមន៍របស់ពួកគេ ។ លើសពីនេះទៅទៀត គ្រូបង្វឹកយើង បង្កើតនូវបរិស្ថានមួយដ៏សុវត្ថិភាពជម្រុញដល់ការរៀនសូត្រ ក៏ដូចជាពិភាក្សាពីបញ្ហាសង្គម ដែលកើតឡើងក្នុងជីវិតរបស់កុមារ និងយុវជនទាំងនោះដូចជា ការប្រើប្រាស់គ្រឿងញៀន ការជួញដូរខុសច្បាប់ អំពើហិង្សា ក្នុងគ្រួសារ ល្បែងស៊ីសង និងសមភាពយេនឌ័រជាដើម ។
ការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៤ រួមមានថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ហើយថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រុងកំពត និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំប្រចាំឆ្នាំនេះទៀតសោត អង្គការផ្កាយសមុទ្រនឹងផ្ដល់ការហ្វឹកហាត់ និងការប្រកួតបាល់ទាត់ដល់ក្រុមបាល់ទាត់សរុបចំនួន ១៣៥ ក្រុមក្នុងខេត្តទាំង៣នេះ ។ អ្វីដែល កាន់តែពិសេសទៅទៀតនោះគឺកីឡាករកីឡាការនីសរុបប្រមាណ ១,៨៦០នាក់នឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League មួយឆ្នាំនេះពេញ ។ កុមារាកុមារី អាយុចន្លោះពី១០ ដល់១៨ឆ្នាំនឹងចូលរួមលេង និងប្រជែងដណ្តើមដំណែងម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួត បាល់ទាត់វិលជុំនេះ ។
ក្រុមដែលឈ្នះតាមខេត្តទាំង ៣ នឹងត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ប្រព្រឹត្តទៅនៅភ្នំពេញ នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤ ។ ក្រោមការគាំទ្ររបស់ អេ អាយ អេ ខេមបូឌា ពួកយើងមានកិត្តិយសអញ្ជើញគ្រូ បង្វឹកអន្តរជាតិចំនួន ២រូបរបស់ក្លឹប Tottenham Hotspur គឺកញ្ញា Shannon Moloney និងលោក Tegan Burling ក៏នឹង ដឹកនាំរៀបចំការប្រកួតមិត្តភាពមួយដើម្បីអបអរថ្ងៃបើកការប្រកួតនៅទីក្រុងភ្នំពេញផងដែរ ៕ ដោយ៖លី ភីលីព