ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊នឯកជនជាដៃគូកាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម (Women Run 10K) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅភ្នំពេញ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម នេះធ្វើឡើងដើម្បីកម្ពស់ស្រ្តី ពីព្រោះស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ហើយស្ត្រីក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡានៅប្រទេសកម្ពុជាដែរ។ សព្វថ្ងៃនេះកម្ពុជាកំពុងដាក់គោលដៅជំរុញស្ត្រីឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ ក៏ដូចជាអន្តរជាតិឲ្យបានហោចណាស់ ៤០ ភាគរយរហូតដល់ឆ្នាំ២០២៨ ។

លោកបន្តឲ្យដឹងថា ការចូលរួមរបស់ប្រជាពលរដ្ឋបង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខភាពយ៉ាងខ្លាំង ចំពោះអ្នកដែលបានចូលរួមរត់ទទួលអត្ថប្រយោជន៍ផ្នែកសុខភាព ជាគោលកាណ៍ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងជំរុញឲ្យឆ្ពោះសុខមាភាពប្រជពលរដ្ឋតាមរយៈការប្រកួតកីឡា និងការអប់រំកាយ និងកីឡាតាមគោលការណ៍អាស៊ានទាំងមូល ដោយបណ្តុះបណ្តាលឲ្យមន្រ្តីរបស់វិស័យអប់រំកាយ និងកីឡាឲ្យជួយជំរុញ និងបំផុសឲ្យមានសកម្មភាពកីឡា។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមទៀថា ប្រសិនបើមនុស្សទំាងអស់នៅតំបន់អាស៊ានលេងកីឡា មានន័យថា មនុស្សទំាងអស់នៅតំបន់អាស៊ានមានសុខភាព កម្លាំងសេដ្ឋកិច្ចនៅអាស៊ានកាន់តែល្អដែរ។ កម្លាំងកីឡារុំទំាងកម្លាំងសាមគ្គីភាព មិត្តភាព សន្តិភាព និងផ្នែកសេដ្ឋកិច្ច៕
ដោយ៖លី ភីលីព


