ភ្នំពេញ៖លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា ការហ្វឹកហាត់កាយសម្បទា ជាកត្តាចម្បង ដើម្បីសម្រួចដល់ការហ្វឹកហាត់ផ្នែកបច្ចេកទេសកាន់តែរឹងមាំ ដោយកាលណាការហ្វឹកហាត់កាយសម្បទាបានល្អ នោះសិទ្ធផលនឹងបានល្អប្រសើរទៅតាមនោះដែរ។
នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពីការហាត់ហ្វឹកហ្វឺនកាយសម្បទាកីឡាតេក្វាន់-ដូ ITF បិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលរយៈពេល៦ថ្ងៃនេះពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដោយកាលណាកីឡាករ កីឡាការិនីមានគុណភាពបច្ចេកទេសល្អយ៉ាងណា ប្រសិនបើកម្លាំងកាយសម្បទាយើងមិនល្អ កម្លាំងយើងមិនគ្រប់គ្រាន់ ក៏ការបញ្ចេញស្នៀតគុន ឬសិទ្ធផលរបស់កីឡាករ កីឡាការិនីម្នាក់ៗក៏មិនបានល្អដូចដែលយើងចង់បាននោះដែរ។ ដូច្នេះ កាយសម្បទា ជាកត្តាចម្បង ដោយកាលណាការហ្វឹកហាត់កាយសម្បទាបានល្អ នោះសិទ្ធផលនឹងបានល្អប្រសើរទៅតាមនោះដែរ។
លោកបួនហ៊ីង សុធីយ៉ាបានបន្តថា ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីត្រូវស្វែងយល់ និងអនុវត្តលើចំណេះដឹងទាំងនេះឱ្យបានល្អ ដើម្បីចែករំលែកបន្តនូវចំណេះដឹងទាំងនេះជូនដល់កីឡាករ កីឡាការិនី និងមិត្តរួមអាជីពឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បន្ថែមពីលើនេះឯកឧត្តម បួនហ៊ីង សុធីយ៉ា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមចូលរួមទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះពីគ្រូឧទ្ទេសអន្តរជាតិ ដែលធ្លាប់មានបទពិសោធន៍ខ្ពស់មកចែករំលែកចំណេះជូនដល់សិក្ខាកាមកម្ពុជាផ្នែកការហ្វឹកហាត់កាយសម្បទារ។
លោក ប៉ាល់ ជីវ័ន តំណាងសិក្ខាកាមបានគូសបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២០នាក់ (ស្រី២នាក់) ផ្តោតសំខាន់លើផែនការហ្វឹកហាត់កាយសម្បទាសាច់ដុំ សន្លាក់ របៀបនៃការលើកយកសាច់ ដើម្បីពង្រឹងកម្លាំងកាយរបស់កីឡាករ-កីឡាការិនីឱ្យបានត្រឹមត្រូវ។ វគ្គនេះត្រូវបានរៀបចំឡើងជាលើកទី១ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមកញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ប៉ាល់ ជីវ័ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងឯកឧត្តមអគ្គលេខាធិការ បួនហ៊ីង សុធីយ៉ា ដែលបានជំរុញ និងគាំទ្រឱ្យមានវគ្គកាយសម្បទានេះឡើងជាលើកដំបូង ដើម្បីផ្តល់ឱ្យកាសដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនីបានយល់ដឹងបន្ថែមអំពីចំណេះដឹងនៃមូលដ្ឋានគ្រឹះចំពោះការហ្វឹកហាត់ឱ្យត្រឹមត្រូវតាមស្តង់ដាកីឡា ក្នុងការជំរុញដល់ការអភិវឌ្ឍជំនាញកីឡានេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកចាត់ទុកថា វគ្គនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើងទាំងអស់គ្នា៕
ដោយ៖លី ភីលីព