កីឡា

អ្នកប្រដាល់គុនខ្មែរ និងថៃ ផ្តួលគូប្រកួតត្រឹមទឹកទី ១ ដូចគ្នាការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

ភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា និងអ្នកប្រដាល់ជើងខ្លាំងថៃ ផ្តួលគូប្រកួតឲ្យ បោះបង់ការប្រកួតត្រឹមទឹកទី ១ ដូចគ្នាក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន អៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទ បានយកឈ្នះអ្នកប្រដាល់ថៃ Nok Krakchiep មុនស្នូរជួងបញ្ចប់ទឹកទី១ ហើយអ្នកប្រដាល់ទាំង២រូបនេះ ចាប់ផ្ដើម វាយប្រហារគ្នាទៅវិញទៅមក តាំងពីដើមទឹកទី ១ មកម្ល៉េះ ។

អៀងឡេង បានវាយប្រហារជើង ក្រោម Nok Krakchiep ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះ មានបញ្ហាជើងតាំងពីដើមទឹកមកម្ល៉េះ ទីបំផុតទឹកទី ១ មិនទាន់បញ្ចប់ផងនោះ អ្នកប្រដាល់ថៃរូបនេះ មិនអាចបន្ដការប្រកួតបានទៀត ក៏បង្ខំចិត្តបោះបង់ ចោលការប្រកួតតែម្ដង ។
ចំណែកអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន មករា ក្លិបកងយោធពលខេមរភូមិន្ទ ត្រូវអ្នកប្រដាល់ថៃ Chhuok Mongkhun យកឈ្នះនៅមុនស្នូរជួង បញ្ចប់ទឹកទី១ដូចគ្នាដែរ។ អ្នកប្រដាល់ជើងខ្លាំងថៃ Chhuok Mongkhun បានវាយប្រហារជើងក្រោម អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន មករា ធ្វើឲ្យអ្នកប្រដាល់កម្ពុជារូបនេះ ខូចជើងតាំងពីដើមទឹកទី១ មិនអាចបន្ដការប្រកួតបានទៀត ។

ចំពោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ឡុង សំណាង ក្លិបសាលវ័ន្ដកីឡាបានបង្ខំ ឲ្យអ្នកប្រដាល់ជើងខ្លាំងថៃ Chao Boy លើកទង់ជ័យស ចុះចាញ់ នៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។ ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះបង្ហាញ នូវភាពតឹងតែងនៅទឹកទី ១ តែមកដល់ទឹកទី ២ សំណាងមានប្រៀបយ៉ាងខ្លាំងលើ Chao Boy តែទោះជាមានការកៀបសង្កត់ខ្លាំង ពីសំណាងក៏អ្នកប្រដាល់ជើងខ្លាំងថៃ រូបនេះតស៊ូរហូតចប់ទឹកទី២។
រីឯទឹកទី៣ សំណាង កាន់តែបង្កើនការវាយលុក និងមានប្រៀបកាន់តែខ្លាំង លើគូប្រកួត។Chao Boyដែលបានត្រឹមតែការពារ និងដកថយពីការវាយលុក របស់សំណាងនោះ ក៏បង្ខំចិត្តចុះចាញ់ មុនចប់ទឹកទី៣តែម្ដង ៕

Most Popular

To Top