កេនយ៉ា ៖ ប៉ូលិសបាន និយាយកាលពីថ្ងៃអាទិត្យថា ម្ចាស់ឯតទគ្គកម្ម (កំណត់ត្រា) រត់ម៉ារ៉ាតុងពិភពលោក Kelvin Kiptum អាយុ ២៤ ឆ្នាំ និងគ្រូបង្វឹក របស់លោកឈ្មោះ លោក Gervais Hakizimana បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងលិច ប្រទេសកេនយ៉ា ដែលបណ្តាល ឲ្យអ្នកដំណើរទី ៣ រងរបួស ។
លោក Peter Mulinge មេបញ្ជាការប៉ូលីសប្រចាំខោនធី Elgeyo Marakwetបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើង នៅម៉ោងប្រហែល ១១ យប់ នៅភាគខាងលិច ប្រទេសកេនយ៉ា ។ លោកបានបន្តថា រថយន្តនោះកំពុងធ្វើដំណើរ ឆ្ពោះទៅក្រុង Eldoret ជាទីក្រុងមួយនៅភាគខាងលិច ប្រទេសកេនយ៉ា ពេលគ្រោះថ្នាក់បានកើតឡើង ។
លោក Kiptum បានរត់កំណត់ត្រា ពិភពលោក ២:០០:៣៥ ក្នុង Chicago Marathon កាលខែតុលា ដោយចំណាយពេល ៣៤ វិនាទី ពីកំណត់ត្រា ពីមុនរបស់មិត្ត Kenyan Eliud Kipchoge ។ កំណត់ត្រារបស់លោក Kiptum ត្រូវបានផ្តល់សច្ចាប័ន ដោយសហព័ន្ធកីឡារត់ប្រណាំងអន្តរជាតិ World Athletics កាលពីសប្តាហ៍មុន ។
ប្រធានសហព័ន្ធអត្តពលកម្មកេនយ៉ា លោក Jackson Tuwei បាននិយាយថា លោកបានបញ្ជូនក្រុមមន្ត្រីមួយ ក្រុមទៅកាន់តំបន់នោះ បន្ទាប់ពីទទួលបានដំណឹង ពីគ្រោះថ្នាក់កាលពីយប់មិញ ។
លោក Kiptum បានទទួលជោគជ័យភ្លាមៗ ដោយការរត់លឿនបំផុត មិនធ្លាប់មានដោយអ្នករត់ម៉ារ៉ាតុង លើកដំបូងនៅឯ Valencia Marathon ឆ្នាំ ២០២២ ។ លោកបានឈ្នះការប្រណាំងនៅទីក្រុងឡុងដ៍ និងឈីកាហ្គោកាលពីឆ្នាំមុន ដែលជាការរត់ម៉ារ៉ាតុងដ៏មានកិត្យានុភាពបំផុត ចំនួន២ក្នុងពិភពលោក។
ប្រធានអត្តពលិកពិភពលោក Sebastian Coe គឺជាមនុស្សដំបូងគេ ដែលផ្តល់ការរម្លែកទុក្ខ របស់លោកក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ដែលពីមុនជា Twitter ។ លោក Coe បានសរសេរថា យើងមានការតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង ដែលបានដឹងពីការបាត់បង់ដ៏អាក្រក់ របស់ លោក Kelvin Kiptum និងគ្រូបង្វឹក របស់លោក គឺលោក Gervais Hakizimana។ តាងនាមឲ្យអត្តពលិកពិភពលោកទាំងអស់ យើងសូមចូលរួមរម្លែកទុក្ខ ដ៏ក្រៀមក្រំបំផុត របស់យើងទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្តិ មិត្តរួមក្រុម និង ប្រជាជាតិកេនយ៉ា ។
លោក Coe បានសរសេរថា វាទើបតែ នៅដើមសប្តាហ៍នេះនៅទីក្រុង Chicago ជាកន្លែងដែល Kelvin បានបង្កើតកំណត់ត្រាពិភព លោកម៉ារ៉ាតុង ដ៏អស្ចារ្យរបស់លោក ដែលខ្ញុំអាចផ្តល់សច្ចាប័នជាផ្លូវការ នូវពេលវេលាជាប្រវត្តិសាស្ត្ររបស់លោក។ អត្តពលិកដ៏អស្ចារ្យម្នាក់ ដែលបន្សល់ទុកនូវកេរដំណែល មិនគួរឲ្យជឿ យើងនឹងនឹកគាត់យ៉ាងខ្លាំង ៕
ដោយ៖លី ភីលីព