តូក្យូ៖ មេធាវីរបស់កីឡាករ បាល់ទាត់បាននិយាយថា កីឡាករបាល់ទាត់អន្តរជាតិជប៉ុន លោក Junya Ito កំពុងប្តឹងស្ត្រី ២ នាក់ ដែលបានចោទប្រកាន់ លោកពីបទរំលោភផ្លូវភេទ ដោយទារសំណងជំងឺចិត្ត ទឹកប្រាក់ចំនួន ២០០ លានយ៉េន ។
ខ្សែបម្រើស្លាបវ័យ ៣០ ឆ្នាំ ដែលលេងឲ្យក្លិបបារាំង Reims កំពុងស្ថិត នៅក្រោមការ ស៊ើបអង្កេតដោយប៉ូលីសជប៉ុន ជុំវិញឧប្បត្តិហេតុត្រូវបានចោទប្រកាន់ នៅទីក្រុង Osaka កាលពីឆ្នាំមុន។ លោកបដិសេធរាល់ការប្រព្រឹត្តខុស ។ មេធាវី Hirotaro Kato ដែលកំពុងតំណាងឲ្យលោក Ito បាននិយាយថា លោក Junya Ito បានដាក់ពាក្យប្តឹងទាមទារសំណងចំនួន ២០០ លានយ៉េន សម្រាប់ការខូចខាតលើស្ត្រី ទាំង២នាក់ហើយ ។
លោក Kato បានប្រាប់អ្នកយកព័ត៌មានថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការស្តារកិត្តិយស របស់លោកឲ្យបានឆាប់ តាមអាចធ្វើទៅបាន ដោយសាររយៈពេល នៃអាជីពរបស់កីឡាករមានកំណត់ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា គ្រូបង្វឹករាងកាយរបស់លោក Ito ក៏ត្រូវបានចោទប្រកាន់ផងដែរ ។
របាយការណ៍អំពីការ ចោទប្រកាន់លើ Ito ត្រូវបានចេញផ្សាយលើទស្សនាវដ្តីជប៉ុន ខណៈ កីឡាកររូបនេះ កំពុងនៅ Asian Cup ក្នុងប្រទេសកាតា កាលពីខែមុន ។ លោកបានចាកចេញពីក្រុមជប៉ុន មុនការប្រកួតវគ្គ ១/៤ ចុងក្រោយរបស់ពួកគេជាមួយអ៊ីរ៉ង់ ដោយសមាគមបាល់ទាត់ជប៉ុនបាននិយាយថា ពួកគេចង់ការពារក្រុមពីសំឡេងរំខាន និងផ្តល់បរិយាកាស ដែលពួកគេអាចផ្តោតទៅលើបាល់ទាត់ ។
លោក Ito បានលេង ២ ប្រកួតសម្រាប់ Reims បន្ទាប់ពីត្រឡប់ទៅក្លឹបរបស់លោកវិញ។ Reims បានបង្ហាញការគាំទ្រសម្រាប់កីឡាកររបស់ខ្លួន រង់ចាំធាតុជាក់ស្តែងនឹងបំភ្លឺលើការពិតដែលបានចោទប្រកាន់ហើយ (ក្លឹប) នឹងតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការផ្លូវច្បាប់ពាក់ព័ន្ធ ។
លោក Ito លេងបាន៥៤ប្រកួត ឲ្យជប៉ុនស៊ុតបាន១៣គ្រាប់៕
ដោយ៖លី ភីលីព