កីឡា

កុងត្រា​ដំបូង​បំផុត​ របស់​ខ្សែ​ប្រយុទ្ធ Lionel Messi នៅ​ Barcelona​ ត្រូវ​បាន​សរសេរ​លើ​ក្រដាស​ជូត​មាត់។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០០០ Messi ដែល​កាល​នោះ​មាន​វ័យ​ទើប​តែ ១៣ ឆ្នាំ បាន​ចូល​លេង​សាក​ល្បង​ឲ្យ Barcelona។ ការ​លេង​សាកល្បង​នេះ គឺ​ដើម្បី​ឲ្យ Barca ពិនិត្យ​ថា គួរ​ផ្ទេរ​ចូល Messi ឬ​អត់។ លុះ​បី​ខែ​ក្រោយ​មក ក្លឹប​ក៏​បាន​សម្រេច​ចុះ​កុងត្រា​ជាមួយ Messi នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ២០០០។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ពេល​នោះ គឺ​ថា​កុងត្រា​ដំបូង​ដែល​ត្រូវ​បាន​​ចុះ​ហត្ថលេខា​នោះ គឺ​ធ្វើ​ឡើង​លើ​ក្រដាស​ជូត​មាត់​មួយ​សន្លឹក​។

កុងត្រាដំបូងរបស់ Messi នៅ Barcelona ប្រភព៖ Marca

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​រឿង​ដូច្នេះ គឺ​ដោយ​សារ​ថ្នាក់​ដឹកនាំ​ខ្លះ​នៅ Barca មិន​ចង់​បាន​ Messi ខណៈ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​ចង់​បាន​កីឡាករ​រូប​នេះ។ ហេតុ​ដូច្នេះ ក្រោយ​ពិភាក្សា​គ្នា​រួច​មក លោក Carles Rexach ដែល​កាល​នោះ​ជា​ប្រធាន​ទទួល​បន្ទុក​កិច្ច​ការ​កីឡា​របស់ Barcelona សម្រេច​ឯកភាព​ជាមួយ​តំណាង​របស់ Messi ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​រូប​នេះ។ ដើម្បី​ជា​សក្ខីភាព​ លោក Rexach ក៏​ចុះ​ហត្ថលេខា​លើ​កុងត្រា​ដែល​សរសេរ​លើ​ក្រដាស​ជូត​មាត់។ មួយ​រយៈ​ពេល​ខ្លី​ក្រោយ​មក ក្លឹប​ Barcelona ក៏​សម្រេច​ឯកភាព​ជាមួយ​កុងត្រា​ក្រដាស​ជូត​មាត់​នេះ ហើយ​ធ្វើ​កុងត្រា​ផ្លូវ​ការ​មួយ​ដើម្បី​ទទួល​ផ្ទេរ​ចូល​ Messi។

Messi បាន​ចូល​លេង​ជាមួយ​ Barca ចាប់​ពី​ពេល​នោះ​មក ហើយ​បាន​ចូល​លេង​ឈុត​ធំ​នៅ​ឆ្នាំ ២០០៤។ កីឡាករ​បាន​វិវត្តន៍​ខ្លួន​ជា​វីរបុរស​របស់​ក្លឹប ហើយ​លេង​ឲ្យ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២១។ ក្នុង​អំឡុង​ពេល​នោះ Messi បាន​លេង​ឲ្យ​ក្លឹប​សរុប ៧៧៨ ប្រកួត និង​ស៊ុត​ចូល ៦៧២ គ្រាប់ ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំៗ​ដល់​ទៅ ៣៥ ពាន ក្នុង​នោះ​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ ១០ ដង​ និង​ពាន Champions League ៤ ដង។ ក្រោយ​ចេញ​ពី Barca កីឡាករ​បាន​ទៅ​លេង​ឲ្យ PSG រហូត​ដល់​ឆ្នាំ ២០២៣ ហើយ​បាន​មក​លេង​នៅ Inter Miami សហរដ្ឋអាមេរិក​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ sabay

Most Popular

To Top