កីឡា

មាន​ដឹង​ទេ ចក្រភព​អង់គ្លេស ​មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ​រហូត​ដល់​ទៅ ១៤ក្រុម

ចក្រភពអង់គ្លេស ​មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ​រហូត​ដល់​ទៅ ១៤ក្រុម។

នេះ​ក៏​ព្រោះ​តែ​ចក្រភព​អង់គ្លេស គ្រប​ដណ្ដប់​លើ​ដែនដីជា​ច្រើន ដោយ​ក្នុង​នោះ​ដែនដី​ធំៗ ​ជាង​គេ​គឺ ប្រទេស​អង់គ្លេស វេលស៍ ស្កុតឡែន និង​អៀរឡង់​ខាង​ជើង ។

ក្រៅ​ពី​ដែនដី​ធំៗ​ទាំង ៤នេះ ចក្រភព​អង់គ្លេស ​នៅ​កាន់កាប់​ដែនកោះ​ជា​ច្រើន​ទៀត ដោយ​ក្នុង​នោះ​ដែនកោះ​នៅ​ឯ​នាយ​សមុទ្រ​មាន​ចំនួន ១៥ និង​ដែនកោះ​កម្មសិទ្ធិ​ព្រះមហាក្សត្រ ​មាន​ចំនួន ៣។ ដែនដី​ទាំង​អស់​នៅ​សេសសល់ ​ដោយ​សារ​តែ​កេរដំណែល​ប្រវត្តិសាស្ត្រ​ និង​អាណានិគម ។
គ្រប់​គ្នា​ដឹង ​ស្រាប់​ហើយ​ថា ប្រទេស​ទាំង ៤នៅ​ក្នុង​ចក្រភព​អង់គ្លេស សុទ្ធ​តែ​មាន​ក្រុម​ជម្រើស​ជាតិ​ ព្រម​ទាំង​លីគ​រៀងៗ​ខ្លួន ។

តាម​ពិត​ទៅ​ ក្រៅ​ពី​ប្រទេស​ទាំង​ ៤នោះ ដែនដី​នៅ​ឯនាយ​សមុទ្រ​របស់​អង់គ្លេស ​ក៏​មាន​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ផង​ដែរ។

ចំណោម​ដែនកោះ​នាយសមុទ្រ​ទាំង ១៥របស់​អង់គ្លេស ក្នុង​នោះ​មាន ៧កោះ ដែល​មាន​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​ និង​ជា​សមាជិក​របស់​ FIFA។ ដែនដី​ទាំង​នោះ​មាន​រួម​មាន៖

១- អង់ហ្គីឡា (Anguilla)

២- ប៊ើមូដា (Bermuda)

៣- ប្រជុំ​កោះ​វីរជីន​អង់គ្លេស (British Virgin Islands)

៤- ប្រជុំ​កោះ​ខេមិន (British Caymans Islands)

៥- ជីលប្រាតា (Gibraltar)

៦- ម៉ុនសេរ៉ាត (Montserrat)

៧- ប្រជុំ​កោះ​ទួគ និងកៃកូ (Turks and Caico Islands)

ក្រៅ​ពី​ដែនដី​នាយសមុទ្រ​ទាំង​នេះ ដែនដី​កម្មសិទ្ធិ​របស់​ស្ដេច​ទាំង ៣ រួម​មាន កោះ Isle of Man កោះ​ជើរស៊ី (Jersey) និង​កោះ​ហ្គើនស៊ី (Guernsey) ក៏​មាន​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​ដែរ តែ​មិនមែន​ជា​សមាជិក​ FIFA៕

Most Popular

To Top