ភ្នំពេញ ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរកឃើញជើងខ្លាំង ៦ នាក់ ក្នុងចំណោម ១២ នាក់ចូលរួម ការប្រកួតជ្រើសរើស កីឡាករជម្រើសជាតិ សម្រាប់ឆ្នាំ២០២៤ ដោយការប្រកួតនេះ មានកីឡាករសុទ្ធសឹងជាម្ចាស់មេដាយ SEA GAMES ២០២៣ និងម្ចាស់មេដាយជើងឯកថ្នាក់ជាតិ ត្រៀមហ្វឹកហាត់ ចូលរួមការប្រកួត SEA GAMES លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ ។

ស្របតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និង កីឡាបានកំណត់កីឡាករ ៦នាក់ ដូច្នេះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រៀបចំបានការប្រកួត ជ្រើសរើស កីឡាករជម្រើសជាតិ សម្រាប់ឆ្នាំ២០២៤ ចម្រាញ់រកជើងខ្លាំងចំនួន ៦ តែប៉ុណ្ណោះរួមមានកីឡាករ សុខ លីមហេង កីឡាករ ហេង សៅឌី កីឡាករ ឆយ វីរ៉ា កីឡាករ សំ កក្កដា កីឡាករ ជា ស៊ីដេត និងកីឡាករ ម៉េង សេរីសម្បត្តិ ។

លោក ហួយ សូណា ជាគ្រូបង្វឹកកីឡា អុកចត្រង្គកម្ពុជា បានបង្ហាញ ពីការប្តេជ្ញា យ៉ាងមុតមាំថា លោកនឹងខិតខំប្រឹងប្រែង ពង្រឹងដល់ការប្រមូល ផ្តុំហ្វឹកហាត់បង្កើនគុណភាព បច្ចេកទេសរបស់កីឡករ សម្រើសជាតិ ដើម្បីសម្រេចគោលដៅជូនជាតិ ។

ជាមួយគ្នានេះ ដើម្បីជួយជំរុញ នៃគោលដៅដណ្តើមមេដាយជូនជាតិ ពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ គឺតែងតែទទួលបានអនុសាសន៍ណែនាំ និងតែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងពីលោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដើម្បីសម្រួចគោលដៅ ឲ្យទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡា ដ៏ធំរៀងរាល់២ឆ្នាំម្តង កម្រិតតំបន់អាស៊ានមួយនេះ៕



