ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការហាមឃាត់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹង នៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ជាមួយសហព័ន្ធកីឡាជាតិជិត ៥០ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន តំណាងសហព័ន្ធកីឡាជាតិ និងមន្ត្រីជុំនាញ ជាច្រើនរូបទៀត ។

អនុក្រឹតនេះមានវិសាលភាព គ្របដណ្តបលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងទំាងអស់ ក្នុងព្រឹត្តិការណ៍កីឡា ទីកន្លែងប្រកួតកីឡា ទីលានហ្វឹកហាត់ និងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹង អាចធ្វើទៅបានក្នុងទម្រុង ម៉ាក និមិត្តសញ្ញា និងឈ្មោះក្រុមហ៊ុនផលិតផលគ្រឿង ស្រវឹងក្នុងព្រឹត្តិការណ៍កីឡា ទីកន្លែងប្រកួតកីឡាស្ម័គ្រចិត្ត និងកីឡាអាជីព ។

ព្រឹត្តិការណ៍កីឡាសំដៅដល់ការជួបជុំប្រកួត រវាងប្រភេទកីឡាមួយ ឬច្រើន ថ្នាក់ជាតិ និងអន្តរជាតិ ។ ចំណែកទីកន្លែងប្រកួតកីឡាសំដៅ ដល់ប្រភេទទីតាំងនានាដែលទ្រទ្រង់សកម្មភាព កីឡាជាអាទិ៍ពហុកីឡដ្ឋាន បន្ទប់ហាត់ប្រាណ អាងហែលទឹក ទីលានវាយកូនគោល សាលកីឡា មជ្ឈមណ្ឌលកីឡា សង្វៀនកីឡា មជ្ឈមណ្ឌលប្រណាំងសេះ ម៉ូតូ និងរថយន្តជាដើម ៕


