ភ្នំពេញ ៖ កីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងចំនួន ១៤៨ នាក់ចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024) ដែលនឹងប្រព្រឹត្តនៅនាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រោមការសហការរវាងស.ស.យ.ក និងសហព័ន្ធខ្មែរកីឡាហែលទឹក ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍តាមអនឡាញថា គិតត្រឹមថ្ងៃទី២៥ ខែមីនាបិទជាផ្លូវការមានកីឡាករ-កីឡាការិនីវ័យក្មេងមកពីក្លិប និងសាលាចំនួន២០ ដែលមានកីឡាករ-កីឡាការិនី ១៤៨ នាក់ ឬអាចលើសថែម ក្នុងនោះកីឡាការិនី ៥០ នាក់ និងកីឡាករ ៧៧ នាក់ ហើយនេះជាចំនួនមួយ ដែលសហព័ន្ធ លើសពីការរំពឹងទុក ថែមទំាងជាគោលបំណង សំខាន់របស់សហព័ន្ធ ចង់មានការចូលរួមឲ្យបានច្រើន ។

លោកអគ្គលេខាធិការបានបន្តថា ការចូលរួម លើសពីការរំពឹងទុកនេះ សបញ្ជាក់ឲ្យបានឃើញការចាប់ អារម្មណ៍ពីបណ្តាសាលាអន្តរជាតិលើវិស័យកីឡាហែលទឹក ក៏ដូចជាក្លិបហែលទឹកតាមបណ្តាលរាជធានីខេត្តទំាង ២៥ នៅទូទាំងប្រទេសកម្ពុជា ។ នេះជាលើកទី ១ ហើយចំពោះការប្រកួត កីឡាហែលទឹកាមានកីឡាករ-កីឡាការិនី ចូលរួមរហូតដល់ជាង ២០ក្លិប និងសមាគម ។

នេះជាចំណុចរីកចម្រើន របស់កីឡា ហែលទឹកកម្ពុជា ដែលមានកីឡាករ-កីឡាការិនីច្រើន ហើយសព្វថ្ងៃនេះ សហព័ន្ធមានគោលបំណងសំខាន់ ៣ ធំៗគឺទី១ សហព័ន្ធមានគោលបំណង ចង់ផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី វ័យក្មេងចូលរួម ទី២សហព័ន្ធបើកទូលាយ ឲ្យមហាជនបានដឹង និងស្គាល់កីឡាហែលទឹក និងចុងក្រោយសារប្រយោជន៍ កីឡាហែល ដល់យុវជន-យុវនារីកម្ពុជា យើងដើម្បីចូលរួមប្រកួត ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតដូចជា កម្រិតទី១ កុមារ៉ា កុមារី អាយុពី១២ឆ្នាំ-១៣ឆ្នាំ (២០១២-២០១១) កម្រិតទី២២ កុមារ៉ា កុមារី អាយុពី១៤ឆ្នាំ-១៥ឆ្នាំ (២០១០-២០០៩) និងកម្រិតទី៣ យុវជន យុវនារី អាយុពី១៦ឆ្នាំ-១៧ឆ្នាំ (២០០៨-២០០៧)៕

