ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានអញ្ជើញក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ជាផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
លោក ហួត សេងទ្រី បាននិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លើ១២ ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងគុនដាវ មានវិញ្ញាសា៦៥ នៅរាជធានីភ្នំពេញ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីមកពី ២៥រាជធានី ខេត្តសរុបចំនួន២ ៩៦០នាក់។
លោកប្រធានបានបន្តថា ការប្រកួតនេះសំដៅប្រមូលផ្តុំក្មួយៗកីឡាករ-កីឡាការិនីជាសិស្សមានឱកា សបានចូលរួមប្រកួតប្រជែង ចែករម្លែកបទពិសោធន៍ ភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ពិសេសជាងនេះទៀត កីឡាករ-កីឡាការិនី សិស្សបឋមសិក្សាអាចនឹងក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសមត្ថភាពស្របតាមទេពកោសល្យដែលខ្លួនមាន។
ការប្រកួតកីឡានេះតម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព ភាតរភាពជាគំរូមួយដ៏ល្អសម្រាប់ប្រទេសជាតិយើង ស្របតាមទិសស្លោក “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ត្រូវផ្តើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សានៃគ្រឹះស្ថានសិក្សាគ្រប់កម្រិត។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានីខេត្តបានសហការរៀបចំការប្រកួតនេះ។ ក្រសួងក៏បានកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ជាពិសេស ជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិនៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួត “កីឡាយុវជនអាស៊ី (Asian Youth Games)” ឆ្នាំ២០២៩។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ អាទិភាពទី៨ ស្តីពី ការអភិវឌ្ឍការអប់រំកាយ និងកីឡា ដោយក្នុងនោះ៖ក្រសួងបន្តលើកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតឆ្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្តើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និងមានជីវភាពរស់នៅ ប្រកបដោយសុខដុមរមនា ស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយ សុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ចេះលេងកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត»៕ ដោយ៖លី ភីលីព