ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ យលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងព្រឹត្តិការណ៍កីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងឱកាសបិទ ការប្រកួតកីឡាអត្តពលកម្ម ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍កីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ការប្រកួតធ្វើឡើង ដើម្បីស្វែងរកធនធាន អត្តពលិកវ័យក្មេងល្អ សម្រាប់ត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួត ហើយម្យ៉ាងទៀត សិស្សមានអាយុវ័យក្មេង ជាកម្លាំងនសក្ដានុពល ទៅអនាគតសម្រាប់បន្តវេន សមស្របក្នុងការបណ្ដុះបណ្តាល ជំនាញវិស័យកីឡាអត្តពលកម្មនេះ ឲ្យកាន់តែមានភាពល្អ ប្រសើរឡើង។

សហព័ន្ធ មានគោលដៅជាយុទ្ធសាស្ត្រ ឈានសម្រេចបានជោគជ័យទៅថ្ងៃអនាគត តែងតែមានការសាមគ្គីភាពសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ស្មារតីនៃការហ្វឹកហ្វឺន និងការប្រកួតនានា ជាពិសេសការប្រកួតកីឡាសិស្ស ដែលក្រសួងអប់រំ យុវជន និងកីឡា តែងតែដាក់ចេញ នូវកម្មវិធីប្រកួតជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរៀបចំយ៉ាងហ្មត់ចត់ ជាមួយសហព័ន្ធ ដើម្បីដំណើរការទៅតាមនីតិវិធី នៃការប្រកួតស្ដង់ដាជាតិ និងអន្តរជាតិ ។

លោកប្រធានបានបន្តថា លោកបានកោតសរសើរកីឡាករ-កីឡាការិនីវ័យក្មេងដែលបានខិតខំហ្វឹកហាត់ និងប្រកួតដណ្តើមបានមេដាយ នាពេលនេះ។ ក៏បានលើកទឹកចិត្តដល់អ្នកចាញ់ថា ការចាញ់នោះ វាជារឿងធម្មតា ដោយកីឡាមានឈ្នះ មានចាញ់ និងកុំបាក់ទឹកចិត្ត ដោយត្រូវប្រែក្លាយការចាញ់នេះ ទៅជាកំហឹងឈឺចាប់ ដើម្បីបន្តការហ្វឹកហាត់ឱ្យបានខ្លាំងក្លា នាឆ្នាំក្រោយៗ ត្រូវចូលរួមប្រកួតទៀត ហើយត្រូវដណ្ដើមជ័យជម្នះឲ្យបាន ។

ការប្រកួតកីឡាអត្តពលកម្ម នៃព្រឹត្តិការណ៍កីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤នេះ មានប្រតិភូគ្រូបង្វឹក កីឡាករ កីឡការិនីចូលរួមសរុប ៣២១នាក់មកពី១១ រាជធានី-ខេត្ត (កីឡាករ ១១០នាក់ កីឡាការិនី ១១០នាក់) ៕
ដោយ៖លី ភីលីព
