អ្នក លេង គុន ខ្មែរកំពុង ល្បី ឈ្មោះ ខ្លាំង ពេជ្រ សម្បត្តិ ថា ហ្វឹកហាត់ ត្រៀម ខ្លួន បាន ល្អ និង រួចរាល់ ហើយ គឺ រង់ចាំ តែ ការ ប្រកួត យប់ នេះ មក ដល់ ប៉ុណ្ណោះ ខណៈ រូប គេ ប្ដេជ្ញា ចិត្ត នឹង ធ្វើ ឲ្យ កក្រើក កម្មវិធី ថ្មី DRAGON KUN KHMER ពិសេស ជូន អ្នក កំពង់ចាម តែ ម្ដង។





កីឡាករ ពេជ្រ សម្បត្តិ បាន ឲ្យ ដឹង កាល ពី ថ្ងៃ ធ្វើ សន្និសីទ សារព័ត៌មាន នៅ ទូរទស្សន៍ ម្សិលមិញ នេះ ថា ការ ហ្វឹកហាត់ ការ ត្រៀម ខ្លួន គឺ បាន ពេញ ល្អ តែ ម្ដង ពោល រួចរាល់ រង់ចាំ តែ ការ ប្រកួត មក ដល់ ប៉ុណ្ណោះ។ ចំពោះ ជំនឿ ចិត្ត វិញ កូន សិស្ស លោក ពេជ្រ សុផាន់ រូប នេះ ដាក់ ត្រឹម ៥០% សិន ព្រោះ មិន ទាន់ ដឹង ពី សមត្ថភាព ដៃគូ យ៉ាងណា នោះ ទេ ប៉ុន្តែ សន្យា ថា នឹង ធ្វើ ឲ្យ អស់ ពី សមត្ថភាព។



សម្បត្តិ បញ្ជាក់ ច្បាស់ៗ ថា នឹង វ៉ៃ ឲ្យ កក្រើក ជូន អ្នក ទស្សនា ពិសេស នោះ គឺ អ្នក កំពង់ចាម ដែល ជា ម្ចាស់ ស្រុក ផ្ទាល់ តែ ម្ដង ដើម្បី បាន កម្សាន្ត សប្បាយ ពេល មក ផ្ទាល់។ អ្នក លេង គុន ខ្មែរ រូប នេះ សំណូមពរ ឲ្យ មហាជន ចូលរួម គាំទ្រ ក៏ ដូច ជា មក ទស្សនា ការ ប្រកួត យប់ នេះ ឲ្យ បាន ច្រើន ជា កម្លាំង ចិត្ត ដល់ កីឡាករ កម្ពុជា។

ចំណែក លោក Tommy Kim ទីប្រឹក្សា ស្ថានីយ ទូរទស្សន៍ ថោន (TOWN) បាន ឲ្យ ដឹង ថា កីឡាករ កម្ពុជា ទាំង អស់ ដែល ត្រូវ ប្រកួត យប់ នេះ សូម ប្រកួត ឲ្យ អស់ ពី សមត្ថភាព ដើម្បី បង្ហាញ ដល់ ក្រុម ភ្ញៀវ ដែល មក ឲ្យ បាន ដឹង ពី សមត្ថភាព ដឹង ពី សក្ដានុពល កីឡាករ គុន ខ្មែរ ឲ្យ សម ជា ម្ចាស់ ក្បាច់ គុន។

បញ្ជាក់ ដែរ ថា ស្ថានីយ ទូរទស្សន៍ ថោន (TOWN) បាន បង្កើត កម្មវិធី ប្រដាល់ ថ្មី មួយ ទៀត ហើយ គឺ DRAGON KUN KHMER ដែល នឹង ប្រកួត នៅ យប់ ថ្ងៃ ទី១៣ ខែ មេសា ឆ្នាំ ២០២៤ នេះ ហើយ។ បើក ឆាក ដំបូង នេះ ធ្វើ ឡើង ចាប់ ពី ម៉ោង ៨យប់ តទៅ នៅ ទីតាំង សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។ កាន់ តែ ពិសេស នោះ គឺ កម្មវិធី នឹង ដាក់ ខ្សែក្រវាត់ ចំនួន ៥គ្រឿង ឲ្យ ជើងខ្លាំង កម្ពុជា ដណ្ដើម។ ចំណែក ពេជ្រ សម្បត្តិ គឺ ប្រកួត ម៉ារ៉ាតុង ដណ្ដើម ខ្សែក្រវាត់ ទម្ងន់ ៦០ គីឡូក្រាម ជា មួយ បរទេស ៣រូប ផ្សេង ទៀត៕
