ភ្នំពេញ ៖ ក្រុមកីឡាការិនីបាល់ទាត់ សហភាពសហព័ន្ធកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក ខេត្តកណ្តាល) បានគ្រងតំណែងជើងឯក ការប្រកួតកីឡាបាល់ទាត់ អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាលរដ្ឋបាលខេត្តកណ្ដាល និងមន្ទីរអប់រំកាយ និងកីឡាខេត្ត បានរៀបចំឲ្យមានការប្រកួត ៤ ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយព្រឹត្តិការណ៍សង្ក្រាន្ត នៅកីឡដ្ឋានខេត្តកណ្តាល ។

ក្រុមកីឡាការិនីបាល់ទាត់ សហភាព សហព័ន្ធកម្ពុជាខេត្តកណ្តាល (ស.ស.យ.ក ខេត្តកណ្តាលបានលើកពានឆ្នាំនេះ ដោយយកឈ្នះ លើក្រុមកីឡាការិនីកីឡាការិនី មីស្ទើ ឡេង FC ក្នុងលទ្ធផល ៣ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះធ្វើឲ្យ ក្រុមកីឡាការិនីកីឡាការិនី មីស្ទើ ឡេង FC ទទួលបានត្រឹមជើងឯករង ចំណែកក្រុមកីឡាការិនីកីឡាការិនី ស្អាងយើងស្អាត ជាប់ចំណាត់ថ្នាក់លេខ ៣ ក្រោយឈ្នះក្រុមកីឡាការិនីកីឡាការិនី កណ្តាលស្ទឹង លទ្ធផល ៥ ទល់នឹង ១ ។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល លោកប្រធានមន្ទីរអប់រំកាយ និងកីឡា អនុប្រធានមន្ទីរអប់រំកាយ និងកីឡា នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ចំណាត់ថ្នាក់ និងជយលាភីដល់ក្រុមកីឡាបាល់ទាត់កីឡាការិនី ។
បច្ចុប្បន្នប្រជាជនទាំងចាស់ ទាំងក្មេងបាន និងកំពុងចាប់អារម្មណ៍ លើសកម្មភាពហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពផ្ទាល់ ឯយុវជនវិញបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពកីឡា ពិសេសថ្មីៗនេះ។

ដោយឡែកខេត្តកណ្ដាល វិស័យកីឡាត្រូវបានយកចិត្តទុកដាក់ជំរុញ ឲ្យមានការប្រកួតពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្ត យើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា បាល់ទាត់យុវជន បាល់ទាត់នារី ជ្រើសរើសជើងឯកខេត្ត ជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញ ឲ្យឃើញនូវការគាំទ្រវិស័យកីឡា ពីសំណាក់ប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសក្រុម យុវជនក្មេងៗ៕







