កីឡា

អ្នកចាំទីឥណ្ឌូនេស៊ី សុំទោស ចំពោះសកម្មភាព ការរាំញុះញង់ នៅចំពោះមុខ កីឡាករកូរ៉េខាងត្បូង

ឥណ្ឌូនេស៊ី ៖ អ្នកចាំទីរបស់ឥណ្ឌូនេស៊ី កីឡាករ Ernando Ari បានសុំទោស ចំពោះទង្វើរមើលងាយរបស់លោក បន្ទាប់ពីបានសង្គ្រោះបាល់ប៉េណាល់ទី របស់កីឡាករកូរ៉េខាងត្បូង ក្នុងការស៊ុតបាល់បញ្ចូលទីនៅវគ្គ ១/៤ នៃព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ U23 Asian Cup ។

អ្នកចាំទី Ernando បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ KBS ថា ខ្ញុំចង់សុំទោសអ្នកគាំទ្រកូរ៉េខាងត្បូង បុគ្គលិក គ្រូបង្វឹក និងកីឡាករ ។ ខ្ញុំមិនមែនមានន័យចង់មើលងាយ គូប្រកួតឡើយទេ ខ្ញុំរំភើបពេកក្រោយពីសង្គ្រោះបាល់ប៉េណាល់ទី ។ ខ្ញុំធ្វើវាព្រោះខ្ញុំគោរពអ្នកចាំទី Emiliano Martinez ហើយក៏ព្រោះតែខ្ញុំ បានជួបគាត់ម្ដងហើយ ។

បន្ទាប់ពីការសង្គ្រោះបាល់ប៉េណាល់ទីទី ១២ ដោយ Lee Kang-hee លោក Ernando បានយកតម្រាប់តាម Martinez ដោយរមៀលស្មា របស់លោកក្នុងលក្ខណៈបំផ្លើស នៅចំពោះមុខខ្សែបម្រើកូរ៉េខាងត្បូង ។ បន្ទាប់មក ខ្សែការពារ Pratama Arhan បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីជួយឥណ្ឌូនេស៊ី ឈ្នះការស៊ុតបាល់បញ្ចូលទី ១១-១០ និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

សកម្មភាពរបស់លោក Ernando ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាំទីវ័យ ២២ ឆ្នាំរូបនេះ នៅតែមិនសប្បាយចិត្ត ហើយនៅតែញញឹម ទោះបីជាមានការព្រមានក៏ដោយ ។

លោក Ernando បាននិយាយថា លោកត្រូវបានជះឥទ្ធិពល ដោយរចនាប័ទ្មរបស់អ្នកចាំទីអាហ្សង់ទីន ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ។ លោគ Ernando ធ្លាប់ប្រកួតជាមួយ Martinez ពេលឥណ្ឌូនេស៊ី ប្រកួតមិត្តភាពជាមួយអាហ្សង់ទីន ក្នុងខែមិថុនា ឆ្នាំ ២០២៣។
អ្នកចាំទីឥណ្ឌូនេស៊ី ក៏បានបង្ហាញ ពីអាថ៌កំបាំង នៃជ័យជម្នះរបស់ក្រុមខ្លួនលើកូរ៉េខាងត្បូង ក្នុងការប្រកួតប្រជែង ដើម្បីមានសិទ្ធិចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយសន្មតថាវាជាគ្រូបង្វឹក Shin Tae-yong ។

លោក Ernando បានបន្ថែមថា គ្រូបង្វឹក Shin គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជនឥណ្ឌូនេស៊ី ដូច្នេះយើងទាំងអស់គ្នា ចង់ធ្វើឲ្យលោកមានមោទនភាព ។ លទ្ធផលនេះ នឹងជួយយើងឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រកួត ហើយកុំឲ្យខកខាន ឱកាសដើម្បីជម្រុះ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ៕
ដោយ៖លី ភីលីព

Most Popular

To Top