កីឡា

លោក ហែម ថុនពន្លឺ ៖​ កោតសរសើរម្ចាស់ មេដាយប្រាក់ ២ គ្រឿង របស់កីឡាការិនីហួន ទិត្យដាលីន នៃ International Children Junior Finswimming Competition 2024 នៅថៃ

ភ្នំពេញ ៖ កីឡាការិនីហែលទឹកជើងទាកម្ពុជា ហួន ទិត្យដាលីន ទទួលបានមេដាយប្រាក់ ២ គ្រឿងនៃព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ពាក់ជើងទាអន្តរជាតិ (International Children Junior Finswimming Competition 2024) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងសកលវិទ្យាល័យ នៅទីក្រុង Pathumthani ប្រទេសថៃ ។

លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹកបានប្រាប់តាមអនឡាញ ពីប្រទេសថៃ ឲ្យដឹងថា កីឡាការិនីជើងទាកម្ពុជា ហួន ទិត្យដាលីនពិតជាធ្វើបានល្អ សម្រាប់ការប្រកួតលើកដំបូង កម្រិតអន្តរជាតិ របស់កីឡាការិនីវ័យក្មេង សហព័ន្ធខ្មែរកីឡាហែលទឹក ដោយសារកីឡាការិនី ទើបនឹងចាប់ផ្តើមការហ្វឹកហ្វឺន ប្រភេទកីឡាហែលទឹកជើងទា បានរយៈពេលត្រឹមតែ ២ ខែតែប៉ុណ្ណោះ។

សម្រាប់ការចេញទៅប្រកួតលើកដំបូង ទទួលបានលទ្ធផលល្អ លើពីការរំពឹងរបស់លោកទៅទៀត ក្នុងនាមលោកជាគ្រូបង្វឹក សូមកោតសរសើរ និងមានចិត្តសប្បាយរីករាយ ។ លោកមិនរំពឹងថា កីឡាការិនីជើងទាកម្ពុជា ហួន ទិត្យដាលីន ដណ្តើមបានមេដាយដែរ សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនកីឡាករ ហែមថុន រ៉ូណាល់ និង កីឡាការិនី ហួន ទិត្យដាលីន ដើម្បីបទពិសោធន៍ វាស់ស្ទង់សមត្ថភាព ការប្រកួតកម្រិតកុមារ ហើយចុងក្រោយបែរ ជាគាត់ទទួលបានមេដាយប្រាក់ រហូតដល់ ២ គ្រឿង ។

លោកគ្រូបង្វឹកបានបន្តថា ចំពោះលទ្ធផលល្អ ទទួលបានមេដាយប្រាក់ចំនួន ២ គ្រឿងរបស់កីឡាការិនី ហួន ទិត្យដាលីន លើប្រភេទវិញ្ញាសា នារីហែលទឹកចម្ងាយ ៥០ ម៉ែត្រ Bifins (E 10 – 11) លើថេរវេលា ២៧.៥៤ វិនាទី និងមេដាយប្រាក់ ១ គ្រឿង លើប្រភេទវិញ្ញាសានារីហែលទឹកចម្ងាយ ១០០ ម៉ែត្រ (E 10 – 11) លើថេរវេលា ១:០០ .១៤ នាទី ។

ចំណែកកីឡាករ ហែមថុន រ៉ូណាល់ ទទួលបានចំណាត់ថ្នាក់លេខ៤ លើប្រភេទវិញ្ញាសាបុរសហែលទឹកចម្ងាយ ៥០ ម៉ែត្រ Bifins (D 12 – 13) លើថេរវេលា ២៧.៨២ ក្នុងប្រកួតហែលទឹកពាក់ជើងទាអន្តរជាតិ (International Children Junior Finswimming Competition) នៅទីក្រុង Pathumthani ក្នុងប្រទេសថៃ ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក ថា យោងតាមលិខិតអញ្ជើញរបស់ប្រធានសមាគមកីឡាក្រោមទឹកនៃព្រះរាជាណាចក្រថៃ និងទទួលបានការអនុ ញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកបានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជើងទា( FIN Swimming) កម្ពុជាចំនួន ៤ រួមមាន លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក កីឡាករ ហែមថុន រ៉ូណាល់ និងកីឡាការិនី ហួន ទិត្យដាលីន ។

លោកអគ្គលេខាធិការបានបន្តថា ការបញ្ជូលឲ្យកីឡាករ-កីឡាការិនីហែលទឹក ជើងទាវ័យក្មេង ក្រោមអាយុ១៥ ឆ្នាំកម្ពុជា ចូលរួមការប្រកួតកម្រិតអន្តរជាតិ លើកនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបានបទពិសោធន៍ វាស់ស្ទង់សមត្ថភាពការប្រកួតកម្រិតកុមារ ទោះបីយើងបញ្ជូនទៅចូលរួមចំនួនតិចមែន ប៉ុន្តែជាចំនួនមួយ ក្នុងចាប់ផ្តើមបណ្តុះបណ្តាល ឲ្យពួកគេបញ្ចេញសមត្ថភាព ការប្រកួតកម្រិតអន្តរជាត ។ ការប្រភេទវិញ្ញាសា ហែលទឹកជើងទា សហព័ន្ធទើបតែបង្កបង្កើត ដោយផ្តើមចេញពីកម្រិត មូលដ្ឋានពីកុមារ ដើម្បីបង្កើតធនធានមនុស្ស (កីឡាករ-កីឡាការិនី) ។

លោក ហែម គីរី បានបន្ថែមថា កីឡាករ -កីឡាការិនីហែលទឹកជើងទា វ័យក្មេងក្រោមអាយុ១៥ ឆ្នាំកម្ពុជាប្រកួតលើ ២ វិញ្ញាសារួមមានវិញ្ញាសា ៥០ ម៉ែត្រ និងវិញ្ញាសា ១០០ ម៉ែត្រ ក្នុងនោះកីឡាករ ម្នាក់ប្រកួត ២ វិញ្ញាសា៕

Most Popular

To Top