ភ្នំពេញ ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធត្រៀមបញ្ជូន ក្រុមកីឡាករ-កីឡាការិនី១០រូប ដើម្បីចូលរួមប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ពិភពលោក (World I.H.F Hapkido Championship 2024) ជាលើកដំបូងបំផុតរបស់ខ្លួន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ ។

លោកអគ្គលេខាធិការបន្តថា ការប្រកួតកម្រិតអន្តរជាតិនេះ កីឡាហាប់គីដូកម្ពុជា នឹងចូលរួមជាលើកដំបូង ក្នុងនោះសហព័ន្ធនឹង ធ្វើការជ្រើសរើសធនធាន កីឡាករ-កីឡាការិនីកម្ពុជា ដោយចាប់ផ្តើមធ្វើតេស្ត សមត្ថភាព រយៈពេល២ថ្ងៃពីថ្ងៃទី១៧ និង ១៨ ខែឧសភា ឆ្នាំ២០២៤ នៅអាគារមណ្ឌលកីឡា ក្រសួងមហាផ្ទៃនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក គង់ ចាន់ធីណា បានបន្ថែមថា ការជ្រើសរើសនេះ នឹងត្រូវរង់ចាំមើលលើការដាក់ពាក្យ ចូលរួមធ្វើតេស្តសមត្ថភាពសិន ខណៈគោលបំណង របស់ថ្នាក់ដឹកនាំសហព័ន្ធចង់ បានកីឡាករ-កីឡាការិនីចំនួន ១០ នាក់ ត្រៀមហ្វឹកហាត់បំប៉នបច្ចេកទេស មុនថ្ងៃព្រឹត្តិការណ៍ប្រកួតចូលមកដល់។ បើតាមការបញ្ជាប់ របស់សហព័ន្ធកីឡាហាប់គីដូអន្តរជាតិ បានបង្ហាញនូវចំនួនវិញ្ញាសាគោលធំៗ ចំនួន៨ ហើយនៅក្នុងវិញ្ញាសា គោលៗទាំងនេះ មានបែងចែកវិញ្ញាសាតូចៗ ជាច្រើនទៀត ទៅតាមប្រភេទទម្ងន់ និងវ័យកីឡាករ-កីឡាការិនី។

លោកអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ចំពោះការចូលរួមប្រកួត កម្រិតពិភពលោក ជាលើកដំបូងរបស់អត្តពលិកកម្ពុជា នេះ គឺយើងត្រូវតែមានក្តីសង្ឃឹម ជាធម្មតា ប៉ុន្តែក្តីសង្ឃឹមថា នឹងអាចប្រជែងបានមេដាយបាន ឬយ៉ាងណានោះ អាស្រ័យភាពជាក់ស្តែង ពីព្រោះថា ការប្រកួតកម្រិតពិភពលោក គឺមានអត្តពលិក មានកម្រិតខ្ពស់ៗ ៕
ដោយ៖លី ភីលីព

