ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ភ្នំពេញឆ្នាំទី១២ ធ្វើឡើងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំងប្រព្រឹត្ត ទៅក្នុងគោលបំណង់ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ជាសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងស្វែងរកថវិកាជួយផ្នែកសប្បុរសធម៌។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC បានមានប្រសាសន៍ថា មុនពិធីបាញ់កាំភ្លើងបញ្ជា ចេញដំណើរនឹងមានការអានសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដើម្បីឲ្យព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិមួយនេះ កាន់តែមានទាក់ទាញខ្លាំង លុះត្រាតែការរៀបចំ មានគុណភាពល្អ បិទផ្លូវជិត បង្កភាពល្អប្រសើរ និងសុវត្ថិភាពខ្ពស់ ជូនដល់អ្នករត់ប្រណាំង ឲ្យមានសុវត្ថិភាព និងភាពសប្បាយរីករាយ ។
លោកបានបន្តថា ក្នុងនាមគណៈកម្មការរៀបចំទិវា រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នឹងប្រឹងប្រែងរៀប ចំឲ្យមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឲ្យទិវារត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង២១គីឡូម៉ែត្រ ប្រែក្លាយទៅជា ម៉ារ៉ាតុង៤២គីឡូម៉ែត្រ នាថ្ងៃខាងមុខ ។ កាលពីពេលមុន NOCC បានត្រៀមលក្ខណៈ ប្រែក្លាយទិវាពាក់កណ្តាល ម៉ារ៉ាតុងទៅ ម៉ារ៉ាតុង ក្នុងចន្លោះឆ្នាំ២០២៣-២០២៤ នេះដែរ ប៉ុន្តែដោយសារស្ថាន ភាពវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយ២-៣ឆ្នាំ កន្លងទៅនេះបានរារាំងឲ្យគម្រោងផែនការ និងគុណភាពនៃការរៀបចំនេះ មិនទាន់ដើរទៅដល់។
លោកអគ្គបានបន្ថែមថា គោលបំណងទិវារត់ប្រណាំង អន្តរជាតិពាក់កណ្តា លម៉ារ៉ាតុងអន្តរជាតិភ្នំពេញ រួមទាំងទិវារត់ ប្រណាំង អន្តរជាតិទាំងនៅកម្ពុជា គឺសំខាន់បំផុតប្រមូលថវិកា រួមចំណែកជួយដល់ផ្នែកសប្បុរសធម៌ ។ ចំពោះការចុះឈ្មោះផ្ទាល់ និងចែកស្លាកលេខសម្គាល់ ខ្លួនរបស់កីឡាករ កីឡាការិនីនឹងត្រូវធ្វើឡើង នៅមុខព្រះបរមរាជវាំង រយៈពេល១សប្តាហ៍ មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ មិនទាន់ចុះឈ្មោះ អាចទៅចុះ ឈ្មោះផ្ទាល់នៅមុខព្រះបរមរាជវាំង ដោយផ្ទាល់បាន។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ចំនួនអ្នកចុះឈ្មោះ គឺមានចំនួនសរុប ៣ ៦០៥នាក់ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរមានចំនួន ៣០០២នាក់ និងបរទេស ៦០៣នាក់។ ចំពោះការចុះឈ្មោះលើវិញ្ញាសា២១ គីឡូម៉ែត្រមានចំនួន ៦២៦នាក់, ១០គីឡូម៉ែត្រ ១៦៣២នាក់, ៥គីឡូម៉ែត្រ ១១១៣ នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ មានចំនួន២៣៤នាក់ ។
លោក សែម ផល្លា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ និង អន្តរជាតិបន្តចុះឈ្មោះ ចូលរួមរត់ប្រណាំង ឱ្យបានច្រើនកុះករ តាមរយៈប្រព័ន្ធអនឡាញ និងការចុះឈ្មោះដោយផ្ទាល់ ដើម្បីជំរុញឱ្យទិវារត់ប្រណាំង សប្បុរសធម៌មួយនេះកាន់តែទទួល បានជោគជ័យបន្ថែមទៀត៕