កីឡា

សរីរាង្គ​ របស់កីឡាករ បាល់ទាត់កូរ៉េខាងត្បូង បានបរិច្ចាគ ដើម្បីសង្គ្រោះមនុស្ស ៧ នាក់

VN Express

កូរ៉េខាងត្បូង ៖ បន្ទាប់ពីទេពកោសល្យកីឡាករ បាល់ទាត់កូរ៉េខាងត្បូង Jin Ho-seung បានដាច់ខួរក្បាល ហើយបានទទួលមរណភាពនៅអាយុ ២២ ឆ្នាំ គ្រួសាររបស់លោកបានបរិច្ចាគ សរីរាង្គ របស់លោក ដើម្បីជួយសង្រ្គោះមនុស្ស ៧ នាក់ ។

រឿងរ៉ាវរបស់កីឡាករបាល់ទាត់ Jin ត្រូវបានប្រាប់ដោយវិទ្យាស្ថាន Korean Organ Tissue Donation Institute ក្នុងសេចក្តីប្រកាសរបស់ខ្លួន កាលពីថ្ងៃចន្ទថា ២ឆ្នាំ ចាប់តាំងពីការស្លាប់ របស់លោក គ្រួសាររបស់លោក Jin ក៏ចង់បង្ហាញរឿងនេះជាសាធារណៈដោយសង្ឃឹមថា កីឡាករបាល់ទាត់វ័យក្មេង ដែលមានទេពកោសល្យនឹងត្រូវបានចងចាំ ។

កាសែត Chosun បានរាយការណ៍ថា លោក Jin បានជួបគ្រោះថ្នាក់ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅពេលកំពុងបើកម៉ូតូអគ្គិសនី ត្រឡប់មកផ្ទះវិញ បន្ទាប់ពីជួបជាមួយមិត្តភ័ក្តិ នៅពេល ដែលលោកត្រូវបានអ្នកបើកបរស្រវឹង ។

ទោះបីជាគ្រូពេទ្យបានព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយសង្រ្គោះលោកក៏ដោយ ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំរូបនេះមិនបានដឹងខ្លួនឡើងវិញទេ ហើយបានដាច់ខួរក្បាល។ ក្រុមគ្រួសារបានយល់ព្រមបរិច្ចាគបេះដូង សួត តម្រងនោមខាងស្តាំ ថ្លើម លំពែង និងភ្នែករបស់លោក Jin នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Ajou នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។

គ្រួសាររបស់លោក Jin បាននិយាយថា ពួកគេចង់បរិច្ចាគសរីរាង្គ របស់លោក ដោយសារតែពួកគេសង្ឃឹមថា នរណាម្នាក់នឹងមើលឃើញ ពិភពលោកតាមរយៈភ្នែករបស់លោក និងរស់នៅប្រកបដោយសុខភាពដោយបេះដូងរបស់លោក។ ចំណែកវិទ្យាស្ថានបាននិយាយថា មនុស្ស ៧ នាក់ត្រូវបានសង្គ្រោះដោយសារ ការបរិច្ចាគសរីរាង្គរបស់លោក ។

លោក Jin ជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារដែលមានបងប្អូនស្រី ៧ នាក់។ ឪពុកម្តាយរបស់លោកនិយាយថា យុវជននោះជាមនុស្សមានក្តីស្រលាញ់ មានសុទិដ្ឋិនិយម និងតែងតែជួយអ្នកដទៃដែលខ្វះខាត។

មុនពេលលោកស្លាប់ លោក Jin ជាកីឡាករវ័យក្មេងដ៏ជោគជ័យម្នាក់ លោកបានលេងបាល់ទាត់អស់រយៈពេល ១០ ឆ្នាំជាមួយនឹងក្តីសុបិនចង់ ក្លាយជាកីឡាករកំពូលដូច Son Heung-min ។

កាលនៅវិទ្យាល័យ លោក Jin បានលេងឲ្យក្រុមយុវជន Incheon United បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានទៅប្រទេសអាឡឺម៉ង់រយៈពេលមួយឆ្នាំ ដើម្បីសិក្សាបាល់ទាត់នៅអឺរ៉ុប៕
ដោយ៖លី ភីលីព

Most Popular

To Top