ភ្នំពេញ ៖ ប្រភេទកីឡាតេក្វាន់ដូ ITF ស្ថិតក្នុងចំណោមទំាំង ១៣ នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតជាផ្លូវការ ហើយនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដោយមាន ៧ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ។

សម្រាប់ការប្រកួតបើកឆាត ដំបូងវិទ្យាស្ថានខេមអេដ ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង សាកលវិទ្យាល័យ វេស្ទើន សាខាកំពង់ចាម ដណ្តើម បានមេដាយមាស ១ គ្រឿង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងវិទ្យាស្ថានបច្ចេកវិទ្យា ប្រាជ្ញាសាស្រ្ត កំពង់ស្ពឺ ដណ្តើមបានមេដាយសំរិទ្ធ ២ គ្រឿង ។

នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១៣ រៀបចំ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៨- ២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានកំណត់យកប្រភេទកីឡា ចំនួន១៣ ។

ប្រភេទកីឡាទំាំងនេះរួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា សរុប ៧១៨ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤៕


