ភ្នំពេញ ៖ ប្រភេទកីឡាជាច្រើន ស្ថិតនៅក្នុងព្រឹត្តិការ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយ ដោយមានគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សា ឯកជនចំនួន ៤៧ ចូលរួមការប្រកួត ។

សម្រាប់ការប្រកួតនៅទីលាន ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រួមមានប្រភេទកីឡាតេក្វាន់ដូ WT ប្រភេទកីឡា អត្តពលកម្ម ប្រភេទកីឡា វាយសី ប្រភេទកីឡា សីដក ប្រភេទកីឡា វាយកូនឃ្លីលើតុ ប្រភេទកីឡា ប៉េតង់ ហើយការប្រកួតប្រព្រឹត្តិទៅ នៅតាមទីលាន របស់សហព័ន្ធកីឡានីមួយៗ។

នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១៣ រៀបចំ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៨- ២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានកំណត់យកប្រភេទកីឡា ចំនួន១៣ ។
ប្រភេទកីឡាទំាំងនេះរួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា សរុប ៧១៨ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថាន សិក្សាឯកជនចំនួន ៣៤ ៕



