ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីបណ្ឌិត្យសភា នគរបាលកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើម បានមេដាយច្រើន ជាងគេនៃការប្រកួតកីឡា តេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ២០២៤ ខណៈក្រុមកីឡាករ-កីឡាការិនីសាកលវិទ្យាល័យ គ្រប់គ្រង់ និងសេដ្ឋកិច្ច ។
ក្នុងឱកាសពីបិទការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានលោក គង់ សក្ខិដា អគ្គលេខាធិការរង តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ។
ក្រុមកីឡាករ-កីឡាការិនីបណ្ឌិត្យសភានគរបាលកម្ពុជាឈ្នះមេដាយមាស ៨ គ្រឿង និងមេដាយប្រាក់ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីសាកលវិទ្យាល័យ គ្រប់គ្រង់ និងសេដ្ឋកិច្ច ឈ្នះមេដាយមាស ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីសាកលវិទ្យាល័យ បៀលប្រាយខេត្តបាត់ដំបង ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។
ចំណែកក្រុមកីឡាករ-កីឡាការិនីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិភ្នំពេញឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឈ្នះមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ លើប្រភេទកីឡាតេក្វាន់ដូ WT មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន ១៣ បានចូលរួមប្រកួតប្រជែងលើ១២វិញ្ញាសា។ ការប្រកួតនេះមានមន្រ្តីបច្ចេកទេស២០នាក់ ប្រតិភូ ៣៣ នាក់ កីឡាករ ៤៣ នាក់ កីឡាការិនី ៣៥ នាក់ សរុបចំនួន ១២១ នាក់ ដោយចែកចេញជា២ ផ្នែក គឺផ្នែកមេគុនមាន ៣ វិញ្ញាសា និងផ្នែកប្រយុទ្ធមាន៩វិញ្ញាសា ។
ឆ្លងកាត់ការប្រកួតសង្កេតឃើញថាមន្រ្តីបច្ចេកទេស ដឹកនាំការប្រកួតមានតម្លាភាព គ្រូបង្វឹកមានការយល់ដឹងខ្ពស់ក្នុងការរៀបចំខ្លួនចូលរួមប្រកួត កីឡាករ-កីឡាការិនី មានការអភិវឌ្ឍន៍កើនឡើងនូវកម្រិតបច្ចេក ទេសខ្ពស់។ កន្លែងស្នាក់នៅ និងហូបចុកមានផាសុខភាព ការដឹកជញ្ជូនសម្រួល ដល់ការធ្វើដំណើការប្រកួតយ៉ាងល្អ មានការសហការណ៍ពីក្រុមគ្រូពេទ្យនៅទីកន្លែងប្រកួត និងក្រុមសង្គ្រោះបន្ទាន់ ។
យ៉ាងណា ជាការកត់សម្គាល់ គឺលក្ខណៈទូទៅ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយរលូន ទាំងនេះដោយមានការសហការយ៉ាងស្អិតរមួត ពីគណៈកម្មការរៀបចំការប្រកួត និងមន្រ្តីបច្ចេកទេស ព្រមទាំងមាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាជាសេនារិយោឲ្យក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសក្នុងពិធីបើក ការប្រកួតគឺមានមាររៀបចំយ៉ាងល្អបំផុត៕
ដោយ៖លី ភីលីព