កីឡា

Ronaldo បង្ក​ការ​ភ្ញាក់ផ្អើល​ ក្រោយ​ទទួល​ដំណឹង​ថា Mbappe ទៅ Real

វីរបុរស​ក្លឹប Real Madrid ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ចូល​ទៅ​សម្ដែង​ចំណាប់អារម្មណ៍​ខ្លួន ក្នុង​ការ​បង្ហោះ​មួយ​ក្នុង​បណ្ដាញ​សង្គម​ Instagramដែល​បញ្ជាក់​ជា​ផ្លូវ​ការ​ថា Kylian Mbappe បាន​ចូល​រួម​ជាមួយ Real Madrid។

កាល​ពី​វេលា​ព្រលឹម​ថ្ងៃ​នេះ Real Madrid បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា អតីត​ខ្សែ​ប្រយុទ្ធ PSG កីឡាករ Kylian Mbappe បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ ជាមួយ​កុងត្រា​ចំនួន ៥ ឆ្នាំ រហូត​ដល់​ឆ្នាំ ២០២៩។ ការ​ផ្ទេរ​ចូល​នេះ បិទ​បញ្ចប់​សំណុំ​រឿង​ជាង ៣ ឆ្នាំ ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ និង​កិច្ច​ជជែក​វែកញែក​ដែល​ថា​ Mbappe នឹង​ផ្ទេរ​ទៅ​ក្លឹប​នេះ​ ទៅ​ក្លឹប​នោះ។
ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ Mbappe ក៏​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Instagram របស់​ខ្លួន បង្ហោះ​បញ្ជាក់​ជា​ផ្លូវ​ការ​ ហើយ​សាធារណៈ​ថា រូប​គេ​បាន​មក​ចូល​រួម​ក្នុង​ក្លឹប​នៃ​ក្ដី​ស្រមៃ​របស់​គេ​ហើយ។ ក្នុង​ការ​បង្ហោះ​នោះ កីឡាករ​វ័យ ២៥ ឆ្នាំ បាន​បង្ហាញ​សេចក្ដី​រីករាយ​ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប ហើយ​បាន​អរគុណ​អ្នក​គាំទ្រ​ Real Madrid ទាំង​អស់​ចំពោះ​ការ​គាំទ្រ​មក​ដល់​រូប​គេ។

ប្រមាណ ២ ម៉ោង​ក្រោយ​ Mbappe បង្ហោះ​រួច ស្រាប់​តែ​វីរបុរស​ក្លឹប Real Madrid ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន ទៅ​លើ​ការ​បង្ហោះ​របស់ Mbappe ដោយ​បាន​និយាយ​ថា រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ឃើញ Mbappe ចូល​រួម​បង្កស្នាមញញឹមសម្រាប់​ក្លឹប និង អ្នក​គាំទ្រ​ Real Madrid។

ការណ៍​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​បណ្ដាញ​សង្គម Instagram ព្រោះ​កម្រ​ណាស់​ដែល Ronaldo បាន​ចូល​មក​បញ្ចេញ​មតិ​បែប​នេះ។ គណនី​ Instagram របស់ Ronaldo គឺ​ជា​គណនី​ដែល​មាន​អ្នក​តាម​ដាន​ (Follower) ដល់​ទៅ ៦៣១ លាន​នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​លើ​ពិភព​លោក​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ។ ហេតុ​នេះ​ហើយ ទើប​មតិ​ដ៏​ខ្លី​របស់ Ronaldo នេះ ទទួល​បាន​ការ​ Like ដល់​ជិត ៣ លាន​នាក់​ នៃ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram គិត​មក​ទល់​ពេល​នេះ។

Ronaldo គឺ​ជា​វីរបុរស​របស់​ក្លឹប Real Madrid បាន​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៨។ ក្នុង​អំឡុង​ពេល​ជិត​ ១០ ឆ្នាំ​នៅ​ជាមួយ​ក្លឹប កីឡាករ​លេង​សរុប ៤៣៨ ប្រកួត និង​ស៊ុត​ចូល​ដល់​ទៅ ៤៥០ គ្រាប់ ហើយ​ជួយ​ Real ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ដូច​ជា​ Champions League, Super Cup, Copa del Rey និង​លីគ​កំពូល​អេស្ប៉ាញ La Liga ជា​ដើម។ បន្ទាប់​ពី​ចេញ​ពី Real Madrid កីឡាករ Ronaldo បាន​ចេញ​ទៅ​លេង​ឲ្យ Juventus រយៈ​ពេល ៤ រដូវ​កាល ហើយ​ក្រោយ​មក​ទៅ​លេង​ឲ្យ​បិសាច​ក្រហម Manchester United រយៈ​ពេល ១ ឆ្នាំ កន្លះ មុន​មក​លេង​ឲ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr កាល​ពី​ដើម​ឆ្នាំ ២០២៣ មក៕

Most Popular

To Top