ភ្នំពេញ ៖ សមាជិកប្រតិបត្តិ និងបណ្តាលក្លិបកីឡាហាប់គីដូ បានសម្រេចចិត្ត បោះឆ្នោតឲ្យ ឧកញ៉ា សៅ សេងហាក់ ឲ្យក្លាយជាប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិថ្មី ក្នុងមហាសន្និបាត បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ទី៨ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ក្នុងឱកាសមហាសន្និបាត បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។
លោកឧកញ៉ា សៅ សេងហាក់ បានមានប្រសាសន៍ថា លោកសូមប្ដេជ្ញាចិត្តនឹងរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឲ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឲ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទំាងបន្តជំរុញទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឲ្យកាន់តែរីកចម្រើនជាលំដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធជាសកល។
លោកប្រធានបន្តថា សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនីដើម្បីចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ។
សហព័ន្ធនឹងពង្រីកវិសាលភាព ឲ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត នៅក្រៅប្រទេសឲ្យបានច្រើន តាមលទ្ធិភាពដែលយើងអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យានុភាពហាប់គីដូកម្ពុជារបស់យើងឲ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ។
ប្រធានសហព័ន្ធក៏បានបង្ហាញក្តីរីករាយ ដែលអង្គមហាសន្និបាត បានអនុម័តដោយអនុញ្ញាតដល់រូបលោកធ្វើ ជាប្រធានដឹកនាំអង្គមហាសន្និបាត បញ្ចប់អាណត្តិទី៧ និងបានបោះឆ្នោតផ្ដល់ទំនុកចិត្តជាថ្មី សម្រាប់បន្តដឹកនាំគណៈកម្មាធិការប្រតិបត្តិសម្រាប់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ ។ កាលអាណត្តិទី៧ កន្លងមកនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានខិតខំប្រឹងប្រែងរៀបចំ និងធ្វើសកម្មភាពនានាជាច្រើន ទាំងផ្នែករដ្ឋបាល ទាំងផ្នែកបច្ចេកទេស ដោយអនុវត្តទៅតាមគោលការណ៍ និងការណែនាំរបស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងក្នុងនាមតំណាងអគ្គនាយកដ្ឋានកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំអភិវឌ្ឍ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។ បច្ចុប្បន្ននេះ សហព័ន្ធកីឡាជាតិមានចំនួនសរុប៦០ ក្នុងនោះមានសហព័ន្ធកីឡាជាតិចំនួន៤៨ ទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដំណើរការអភិវឌ្ឍ ។
ដោយឡែកសម្រាប់ប្រភេទកីឡាហាប់គីដូ គឺមិនទាន់ទទួលបានកញ្ចប់ថវិកា អភិវឌ្ឍន៍ប្រចាំឆ្នាំនៅឡើយ។ ក្នុងអាណត្តិបន្តនេះ លោកក៏ស្នើឲ្យសហព័ន្ធហាប់គីដូ ស្នើសុំកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងអប់រំនឹងពិនិត្យពិចារណា និងស្នើសុំបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ រួមមាន៖ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន អមដោយអនុប្រធាន៥រូប គឺឯកឧត្តម ជា បូរ៉ា, លោកឧត្តមសេនីយ៍ត្រី ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា។ លោកវរសេនីយ៍ឯក គង់ ចាន់ធីណា អគ្គលេខាធិការ អមដោយអគ្គលេខាធិការង២រូប និងអគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ដែលមានចំនួនសរុប ១៥រូប ៕
ដោយ៖លី ភីលីព