ភ្នំពេញ ៖ កីឡាករគុនខ្មែរ ២ រូប បានយកឈ្នះកីឡាករឡាវទំាំង២រូប ខណៈកីឡាករគុនខ្មែរ ម្នាក់ទៀត បានត្រឹមស្មើជាមួយកីឡាករចិន ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” “គុនខ្មែរប៉ុស្តិ៍លេខ៥ TV5 KUN KHMER 2024” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។

កីឡាករ សុភាព រ៉ុងរឿង មកពីសុភាពគុនខ្មែរបានយកឈ្នះអ្នកប្រដាល់ឡាវ ផេត ប៊ុនឈូ ដោយពិន្ទុ។ ការប្រកួតរវាងកីឡាករទំាង២ នាក់ទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីអ្នកទំាង ២ ប្រើកណ្តាប់ដៃ និងជើងវាយ និងទាត់គ្នាទៅវិញមក ប៉ុន្តែកីឡាករ សុភាព រ៉ុងរឿង វាយ និងទាត់ចំណុចគោលដៅច្រើនជាងកីឡាករឡាវ ផេត ប៊ុនឈូ ដូច្នេះការប្រកួតចប់ ៣ទឹក ចៅក្រមទំាង ៥ រូបសម្រេចឲ្យកីឡាករ សុភាព រ៉ុងរឿងឈ្នះដោយពិន្ទុ។

ចំណែកកីឡាករ ខាំ កូនខ្លា មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ងកគុនខ្មែរ ខេត្តស្វាយរៀង បានផ្តួលកីឡាករឡាវផេត ចំប៉ា ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។ ចូលទឹកទី២ កីឡាករ ខាំ កូនខ្លា បានសម្រុកយ៉ាងខ្លាំងលើកីឡាករឡាវផេត ចំប៉ា ត្រូវអាជ្ញាកណ្តាលរាប់៨ ក៏បន្តការប្រកួតទៀត រហូតជិតចប់ទឹកទី២ ក៏ត្រូវមួយកែងកីឡាករ ខាំ កូនខ្លា សន្លប់តែម្តង។

ចំពោះកីឡាករខ្លាចាស់ ជ័យ ស៊ីនេត មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់បានត្រឹមស្មើជាមួយ កីឡាករចិន ឆាវ សៀនវ័ង ។ ថ្វីជើង និងដៃរបស់កីឡាករចិន រូបល្អណាស់ ធ្វើឲ្យកីឡាករគុនខ្មែរ ជ័យ ស៊ីនេត ពិបាកយកឈ្នះ ទោះបីជ័យ ស៊ីនេតខិតខំប្រើស្នៀត ពិសេសដោយទាត់ខាងក្រោម យ៉ាងណាក៏ោយ។កីឡាករចិន ឆាវ សៀនវ័ងទំាងដៃ និងជើងរហ័សជាងកីឡាករខ្លាចាស់ ជ័យ ស៊ីនេត ព្រោះរូបនេះវាយទៅលើផ្ទៃមុខ កីឡាករខ្លាចាស់ ជ័យ ស៊ីនេតយ៉ាងចាស់ដៃតែម្តង ៕

