ភ្នំពេញ ៖ កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា ដណ្តើមបានមេដាយបា្រក់ ១ គ្រឿងលើប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម បន្ទាប់ពីចាញ់ កីឡាការិនីតេក្វាន់ដូ WT ម្ចាស់ផ្ទះឥណ្ឌូណេស៊ីក្នុង ព្រឹត្តិការណ៍ការប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ។

លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងពីប្រទេសឥណ្ឌូណេស៊ីថា កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា បានចាញ់កីឡាការិនីតេក្វាន់ដូ WT ម្ចាស់ផ្ទះឥណ្ឌូណេស៊ី Maheswari Megawati នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាការិនីតេក្វាន់ដូ WT ម្ចាស់ផ្ទះឈ្នះមេដាយមាស ចំណែកកីឡាការិនីតេក្វាន់ដូ WT ថៃ Chaichana Areya ទទួលបានមេដាយសំរិទ្ធុ ។

ប្រភេទកីឡាតេក្វាន់ដូ WT ៖ គ្រូបង្វឹក ១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន ។

ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានមានគោលបំណងលើកកម្ពស់សាមគ្គីភាពនិស្សិតសាកលវិទ្យាល័យអាស៊ានតាមរយៈការលេងកីឡា ។ ផ្តល់ឱកាសដល់ កីឡាករ កីឡាការិនី ដែលជានិស្សិត កំពុងសិក្សាដើម្បីកំណត់ជំនាញ ទេពកោសល្យផ្នែក កីឡារបស់ពួកគេ នៅក្នុងតំបន់អាស៊ាន និងផ្តល់ ឱកាសដល់កីឡាករ កីឡាការិនី និស្សិតសាកល វិទ្យាល័យដើម្បីធ្វើអន្តរកម្ម និងចូលរួមក្នុងការផ្លាស់ប្តូរ វប្បធម៌ប្រពៃណី ប្រទេសក្នុងអាស៊ាន។

ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី ៕
ដោយ៖លី ភីលីព
