ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានតែងតាំងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែកក្កដា នៅពហុ កីឡដ្ឋានជាតិមរតកតេជោ ទីលានវាយកូនបាល់ ហើយនេះជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតអន្តរជាតិ លំដាប់ពិភពលោកនេះ ។
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសន្និសីទកាសែតព្រឹត្តិការណ៍កីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV 2024 ចាប់ផ្តើមការប្រកួតជាផ្លូវការដោយមានការអញ្ជើញពីសំណាក់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងអ្នកតំណាងក្រុមហ៊ុនជាដៃគូផ្សេងៗទៀត។
លោក ទេព រិទ្ធីវិទ្ធ បានមានប្រសាសន៍ថា សហព័ន្ធបានរៀបចំរួចរាល់ចំពោះទីលានប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ប៉ុន្តែលោកនៅតែគិតថា យើងអាចមានការខ្វះខាតនាពេលខាងមុន ។ នាថ្ងៃទី ៨ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នឹងអញ្ជើញចូលរួមពិធីព្រឹត្តិការណ៍កីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV 2024 ។
ប្រទេសកម្ពុជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Davis Cup Asia/Oceania Group IV ឆ្នាំ ២០១២ នៅប្រទេសកាតា។ ការបង្ហាញខ្លួនលើកដំបូងរបស់កម្ពុជា ក្រុមនេះបានបង្កើតប្រវត្តិសាស្ត្រ ខណៈដែល កម្ពុជាបានយកឈ្នះលើការប្រកួតទាំងមូល ដោយទទួលបានចំណាត់ថ្នាក់លេខ០១ ក្នុងការប្រកួត ដែល បានឡើងទៅប្រកួតក្នុងក្រុម៣ Asia/Oceania Group III នៅឆ្នាំ 2013 និងបានចូលរួមប្រកួតជាបន្តបន្ទាប់ រៀងរាល់ឆ្នាំ។
សម្រាប់ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នេះ មានប្រទេសចំនួនប្រាំបីនឹងចូលរួម៖ កម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និង អារ៉ាប់រួមៗប្រទេសទាំង 08 នឹងត្រូវ បែងចែកជាពីរពូល៖ ពូល A និងពូល B តាមទម្រង់ជុំវិលជុំជាមួយនឹង ការប្រកួតវាយឯកត្តជនចំនួនពីរ ប្រកួត និងការប្រកួតវាយគូ ១ប្រកួត ។
ប្រទេសដែលបានចំណាត់ថ្នាក់កំពូល នៃពូលនីមួយៗនឹងត្រូវបានឡើងទៅលេងក្នុងក្រុមទី៣ ក្នុងឆ្នាំ ២០២៥។ ប្រតិភូតំណាងឲ្យកម្ពុជារួមមានប្រធានដឹកនាំក្រុមគឺ លោក ទេព រិទ្ធីវិទ្ធ គ្រូបង្វឹកជម្រើសជាតិ លោក Braen Aneiros កីឡាករ Bun Kenny កីឡាករ Tep Timothy កីឡាករ Leng Sarinreach កីឡាករ Mathew Crusling និងកីឡាករ Khleang Ponlok។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានប្រសាសន៍ថា ក្រុមហ៊ុនលោកជួបគ្រប់វិស័យទំាងអស់ ក្នុងប្រទេសកម្ពុជា ដូចជាវិស័យអប់រំ បរិស្ថាន សិល្យៈ និងកីឡា។ ក្រុមហ៊ុនធ្លាប់ចូលរួមជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ចំពោះព្រឹត្តិការណ៍កីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV 2024 នៅតែជួបឧបត្ថម្ភ រហូតសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៕
ដោយ៖លី ភីលីព