ខេត្តស្វាយរៀង ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី២ សហព័ន្ធ តំណាងលោកអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានចាត់ទុក ថា វគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួតកីឡាទូកនាគ ថ្នាក់អន្តរជាតិ កម្រិត១ នាពេលនេះ មានសារសំខាន់ ព្រោះវាជាការ លើកកម្ពស់ដំណើរការប្រកួត ឲ្យប្រព្រឹត្តិទៅកាន់តែល្អប្រសើរ ។
លោក អនុប្រធានសហព័ន្ធ បន្ដថា កីឡានិមួយៗ មានច្បាប់ល្បែងរបស់វា បើយើងអ្នករៀបចំគ្រប់គ្រងព្រឹត្តិការណ៍និមួយៗអត់ចេះច្បាប់ យើងទៅកាត់ក្ដី យើង មិនអាចឈរលើ គោលការយុត្តិធម៌ បានដែរ ហើយ នឹងត្រូវទទួលការរិះគន់ពី ទស្សនិកជន ជាមិនខាន ។ ការរៀនសូត្រ បង្កើនចំណេះដឹងនេះ សំខាន់ណាស់ ដូចនេះហើយបានជាសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ។
យើងមើលឃើញថាកីឡាករ កីឡាការិនី យើង មានសមត្ថភាពរីកចំរើន គួរឲ្យកត់សម្គាល់ ជាក់ស្ដែង ថ្មីៗនេះ យើងទទួលបានជ័យជំនះពីការប្រកួតទូកនាគ នៅប្រទេស រុស្សី ដោយដណ្ដើមបានមេដាយ ៣គ្រឿង មានមាស១ និង សំរឹត២ និងការប្រកួត ទូកកានូ និងទូករ៉ូអ៊ីង នៅប្រទេសវៀតណាម យើងទទួលបានមេដាយសំរិទ្ធ ៣គ្រឿង នេះជាមោទនភាពដ៏ធំធេងសម្រាប់ជាតិទាំងមូល ។
លោក សរ សិទ្ធិ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះគឺជា ការធ្វើបច្ចុប្បន្នភាព កីឡា របស់យើង ឲ្យដើរ ទាន់គេ ទាន់ការវិវឌ្ឍន៍របស់សហព័ន្ធកីឡាអន្ដរជាតិ ។ ដូចនេះសូមឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងទាំងនេះ ទៅអនុវត្តឲ្យបានត្រឹមត្រូវ និង ខិតខំស្រាវជ្រាវបន្ថែម ដើម្បីបង្កើចំណេះដឹង របស់ខ្លួនឲ្យកាន់តែប្រសើរ ។ ក្នុងនាម ជាអាជ្ញាកណ្ដាលកុំលម្អៀងខុសពីវិជ្ជាជីវៈ យើងត្រូវឈរលើស្មារតីជាអាជ្ញាកណ្ដាល ដើម្បីរក្សាកេរឈ្មោះរបស់យើង និង រក្សាកេរឈ្មោះរបស់ជាតិយើង ។
លោក គង់ សុភាព ប្រធានគ្រប់គ្រងវគ្គបណ្ដុះបណ្ដាលថា វគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិ កម្រិត ១ ដំណើរការពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកក្កដា មានសិក្ខាកាមចំនួន២០នាក់ ឧទ្ទេសនាមដោយ ដោយ អ្នកជំនាញ២រូបដែលសហព័ន្ធកីឡាទូកនាគអន្ដរជាតិបញ្ជូនមក ។តាមការវាយតម្លៃ ពីគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទទួលបាន និទ្ទេស ល្អ ៤០ ភាគរយ និទ្ទេសល្អបង្គួរ ៣០ភាគរយ និទ្ទេស មធ្យម២០ភាគរយ និង និទ្ទេសខ្សោយ ១០ភាគរយ ៕
ដោយ៖លី ភីលីព